បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាសោកស្តាយចំពោះដំណើរការលុប MOU-2001 ពីភាគីថៃ

កម្ពុជាសោកស្តាយចំពោះដំណើរការលុប MOU-2001 ពីភាគីថៃ

ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់សារជាថ្មីនៅថ្ងៃ២៥មេសានេះ ពីគោលជំហររបស់កម្ពុជា។

Advertisement

អ្នកនាំពាក្យប្រកាសថា ដូចដែលបានលើកឡើងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វាជារឿងគួរឱ្យសោកស្តាយណាស់ ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU-2001 ដែលថៃតែងហៅថា MOU 44។

លើសពីការរៀបចំផ្នែកបច្ចេកទេស ការចុះហត្ថលេខាលើ MOU-2001 រវាងកម្ពុជា និងថៃ បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំដោយស្មោះត្រង់ នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរអាចទទួលយកបាន សម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។ ជាងនេះទៅទៀត MOU-2001 ក៏តំណាងឱ្យសុឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយ ប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម។

ក្រសួងការបរទេសសង្កត់ធ្ងន់ថា ការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។ ចំពោះកម្ពុជាវិញ កម្ពុជា គឺនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខជាតិថៃបានចេញសេចក្តីសម្រេចលុប MOU នេះរួចហើយ ដោយសំអាងលេសថា មិនមានការវិវឌ្ឍក្នុងការចរចារ ហើយពេលនេះ ថៃចង់ចរចារព្រំដែនទឹកជាមួយកម្ពុជាដោយផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ដែលកម្ពុជាទើបផ្តល់សច្ចាប័នកាលពីខែមករាកន្លងទៅ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃនឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្រ្តីថៃដើម្បីអនុម័ត មុននឹងចូលជាធរមាន៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា