រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ដោយចាត់ទុកកិច្ចការនេះថាជាបញ្ហាអាទិភាពខ្ពស់មួយ ព្រោះវាពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៤មេសា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ចាប់តាំងពីអាណត្តិទី៦ រហូតដល់នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនឱ្យដល់ឫសគល់ ដោយមិនអត់ឱន និងមិនលើកលែងជាដាច់ខាត។
រាជរដ្ឋាភិបាលបានកំណត់គោលដៅមិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូល ដកហូតសមត្ថភាពប្រតិបត្តិការ និងកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ ដើម្បីបញ្ឈប់បញ្ហានេះឱ្យបានជាក់ស្តែង និងយូរអង្វែង។ ការប្រកាន់ជំហរនេះបង្ហាញថា កម្ពុជាមិនមែនជាទីតាំងសម្រាប់ឧក្រិដ្ឋកម្មទេ ប៉ុន្តែជាប្រទេសដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹង និងសកម្មបំផុតមួយក្នុងតំបន់។
ក្នុងរយៈពេលជាង ៩ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បានបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង ២៥០ករណី ក្នុងនោះបានចុះបង្ក្រាបទីតាំងសង្ស័យចំនួន ៩១ទីតាំង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១២ករណី ពាក់ព័ន្ធជនសង្ស័យជាង ១ពាន់នាក់ ដែលមានទាំងជនជាតិបរទេស និងជនជាតិខ្មែរ។
បន្ថែមពីនេះ ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធបទល្មើសឆ្លងដែនចេញពីប្រទេសសរុបជាង ១ម៉ឺន ៣ពាន់នាក់ មកពី ៣៣សញ្ជាតិ ខណៈជនបរទេសជាង ២៤ម៉ឺននាក់ទៀតបានស្ម័គ្រចិត្តចាកចេញពីកម្ពុជា ក្រោយការរឹតបន្តឹងច្បាប់ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន។
ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ រាជរដ្ឋាភិបាលក៏បានពង្រឹងក្របខណ្ឌគតិយុត្តជាបន្តបន្ទាប់ ដោយដាក់ចេញច្បាប់ និងបទប្បញ្ញត្តិថ្មីៗ សម្រាប់គ្រប់គ្រង និងទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងកំណត់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ។
ជាមួយគ្នានេះ កម្ពុជាក៏បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូ និងអង្គការអន្តរជាតិ ដើម្បីផ្លាស់ប្តូរព័ត៌មាន ស្រាវជ្រាវ បង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះពីបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។
ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារចម្រុះចំនួន៤ ចំណុះលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រុមការងារទាំង៤នេះមានភារកិច្ចចុះត្រួតពិនិត្យ វាយតម្លៃលើទីតាំងសង្ស័យ និងទីតាំងដែលត្រូវបានបង្ក្រាប និងបិទសៀល (Sealed) កន្លងមក ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ដោយទទួលខុសត្រូវលើតំបន់ភូមិសាស្រ្តខុសៗគ្នា ក្រុមការងារចម្រុះទាំងនេះមានសិទ្ធិត្រួតពិនិត្យលើការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត អគ្គិសនី និងសិក្សាការដាក់កាមេរ៉ាសុវត្ថិភាពលើទីតាំងដែលត្រូវបានបិទសៀល ដើម្បីតាមដានមិនឱ្យបទល្មើសវិលមកជាថ្មី។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យសាធារណជន និងសហគមន៍អន្តរជាតិ បន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរួមគ្នារក្សាសន្តិសុខឌីជីថល សុវត្ថិភាពសង្គម និងកិត្តិយសជាតិឱ្យបានរឹងមាំ៕