រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្ហាញការប្តេជ្ញាចិត្តលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ខណៈសេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវបានគណៈរដ្ឋមន្ត្រីពិភាក្សា និងអនុម័តជាផ្លូវការ។

រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្ហាញការប្តេជ្ញាចិត្តលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ខណៈសេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវបានគណៈរដ្ឋមន្ត្រីពិភាក្សា និងអនុម័តជាផ្លូវការ។
សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គោលនយោបាយថ្មីនេះ មានគោលបំណងបន្តបោសសម្អាតតំបន់ ដែលនៅមានសេសសល់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងពង្រឹងការគាំទ្រជនរងគ្រោះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
សេចក្តីព្រាងនេះ បានកំណត់គោលដៅសំខាន់ៗចំនួន៦ ក្នុងនោះ មានការរំដោះផ្ទៃដី ដែលដឹងថាមានមីនទាំងអស់ត្រឹមឆ្នាំ២០៣០ និងផ្ទៃដីដែលដឹងថាមានគ្រាប់បែកចង្កោមទាំងអស់ និងផ្ទៃដីអាទិភាព ដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាមត្រឹមឆ្នាំ២០៣៥។
គោលដៅផ្សេងទៀត រួមមាន កសាងសមត្ថភាពនិងបង្កើតក្របខ័ណ្ឌជាតិប្រកបដោយចីរភាព ដើម្បីគ្រប់គ្រងសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ការពង្រឹងការអប់រំអំពីគ្រោះថ្នាក់ដោយសារគ្រឿងផ្ទុះ និងការផ្តល់សេវាជួយដល់ជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព។
គោលនយោបាយនេះ ក៏ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធានាថា សកម្មភាពមីនអាចឆ្លើយតបបានទៅនឹងបញ្ហាអន្តរវិស័យ និងតម្រូវការអភិវឌ្ឍថ្មីៗផងដែរ។
ឯកសារនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨ ដល់ ២០២៥ ដែលកម្ពុជាអនុវត្តបានដោយជោគជ័យ និងបានកាត់បន្ថយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋយ៉ាងច្រើន។
តាមទិន្នន័យផ្លូវការ ចាប់តាំងពីឆ្នាំ១៩៧៩ មក មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់ រងរបួស និងពិការចំនួនជាង ៦ម៉ឺន ៥ពាន់នាក់។ ប៉ុន្តែចំនួនជនរងគ្រោះប្រចាំឆ្នាំ បានថយចុះយ៉ាងខ្លាំង ពីជាង ៤ ៣០០ នាក់នៅឆ្នាំ១៩៩៦ មកនៅត្រឹម ៣៩ នាក់ប៉ុណ្ណោះ នៅឆ្នាំ២០២៥។
រយៈពេល៣៣ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ ផ្ទៃដីទំហំជាង ៣ ៥០០គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៧៨% ហេដ្ឋារចនាសម្ព័ន្ធមាន៥% និងផ្សេងៗទៀតមាន ១៧% ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម។ មីនប្រឆាំងមនុស្សចំនួនជាង ១លាន ២សែនគ្រាប់ មីនប្រឆាំងរថក្រោះ ចំនួនជាង ២មឺន ៦ពាន់គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ៣លាន ២សែនគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។
រាជរដ្ឋាភិបាលរំពឹងថា គោលនយោបាយថ្មីនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវសំខាន់មួយ ដើម្បីធ្វើឱ្យប្រទេសកម្ពុជារួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ និងធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕

