រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពសុខភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម។ ពាក់ព័ន្ធនឹងករណីនេះ សម្តេចធិបតីបានបញ្ជាឱ្យចាត់វិធានការច្បាប់ធ្ងន់ធ្ងរបំផុតលើជនបង្ក។
លោក រ៉េន រតនៈ អ្នកនាំពាក្យផ្ទាល់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើករណីលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបានរងរបួសធ្ងន់ ខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាមួយកន្លែង កាលពីយប់ថ្ងៃទី២៤ ខែមេសា។
យោងតាមលោក រ៉េន រតនៈ ឆ្លើយតបទៅនឹងស្ថានភាពដ៏លំបាកនេះ ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានសហការជាមួយលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ លោកអភិបាលខេត្ត និងស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីសម្រេចរ៉ាប់រងទាំងស្រុងលើរាល់ការចំណាយក្នុងការព្យាបាល រួមទាំងការដោះស្រាយបញ្ហាប្រឈមផ្នែកជីវភាពប្រចាំថ្ងៃជូនដល់ក្រុមគ្រួសាររបស់លោកវរសេនីយ៍ទោផ្ទាល់ ដើម្បីសម្រាលបន្ទុកក្នុងកាលៈទសៈដ៏លំបាកនេះ។
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំនាពេលនេះ គឺជាការតបស្នង និងស្ញប់ស្ញែងចំពោះវីរភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងនាមជាមន្ត្រីនគរបាលជាតិ។
ក្រសួងមហាផ្ទៃ មើលឃើញថា ការលះបង់របស់លោកក្នុងភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ គឺជាបុព្វហេតុដ៏ឧត្តុង្គឧត្តមដែលក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលមិនអាចបំភ្លេចបានឡើយ។
សូមរម្លឹកថា ក្នុងបេសកកម្មបង្ក្រាបក្រុមក្មេងស្ទាវដែលកំពុងវាយកាប់គ្នា នៅក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរនៅចំណុចបឹងដែង ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅយប់ថ្ងៃទី ២៤ មេសា លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងស្រុកស្ទឹងត្រង់ បានរងរបួសធ្ងន់ធ្ងរដោយសារក្មេងទំនើបានយកឧបករណ៍មុតស្រួចចាក់លើផ្ទៃមុខ ។
ជុំវិញបញ្ហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យចាត់វិធានការច្បាប់ក្នុងកម្រិតធ្ងន់ធ្ងរបំផុត ចំពោះក្រុមក្មេងទំនើងដែលហ៊ានតដៃ និងបង្ករបួសស្នាមលើសមត្ថកិច្ចនៅស្រុកស្ទឹងត្រង់។ សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទង្វើដែលធ្វើឱ្យមន្ត្រីអនុវត្តច្បាប់រងគ្រោះថ្នាក់បែបនេះ ត្រូវតែប្រឈមមុខនឹងទោសទណ្ឌជាប់ពន្ធនាគាររហូតដល់ ៤ ឆ្នាំ ដែលជាកម្រិតអតិបរមានៃច្បាប់ ដោយគ្មានការលើកលែងនោះឡើយ។
សម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ ក៏បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរធ្វើការបង្ក្រាបក្រុមក្មេងស្ទាវបង្កអសន្តិសុខក្នុងសង្គម។ ក្នុងនោះ សម្តេចបានណែនាំឱ្យពិនិត្យលទ្ធភាពចាប់បញ្ជូនក្រុមដែលបង្ក្រាបបានទាំងនោះ ទៅកាន់តំបន់សមរភូមិមុខ ដើម្បីធ្វើជាកម្លាំងពលកម្មក្នុងការកសាងលេណដ្ឋានការពារជាតិនៅតាមខ្សែបន្ទាត់ព្រំដែន ដែលជាវិធានការមួយក្នុងការអប់រំ និងពង្រឹងសណ្តាប់ធ្នាប់សាធារណៈឱ្យមានប្រសិទ្ធភាព៕