ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតអបអរសាទរ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កម្មករ និយោជិត ទូទាំងប្រទេស ទាំងក្នុងនិងក្រៅប្រព័ន្ធ។
សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តពង្រឹងទីផ្សារការងារ កែលម្អលក្ខខណ្ឌការងារ ពង្រឹងប្រព័ន្ធគាំពារសង្គម និងជំរុញកិច្ចសន្ទនារវាងនិយោជក និងកម្មករ ដើម្បីធានាថា ការអភិវឌ្ឍសេដ្ឋកិច្ចនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋទូទៅ។
សម្តេចធិបតីបានលើកឡើងថា ទោះបីប្រឈមនឹងបញ្ហាខាងក្នុង និងខាងក្រៅក៏ដោយ ក៏កម្ពុជានៅតែបន្តរីកចម្រើនលើមាគ៌ាសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលជួយរក្សាលំនឹងនៃជីវភាពរបស់ប្រជាពលរដ្ឋនិងបងប្អូនកម្មករនិយោជិត។ សម្តេចបញ្ជាក់ថា កាលពីឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានខិតខំជម្នះបាននូវបញ្ហាប្រឈមនានា និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍តំបន់ និងសកលលោក ដែលកើតឡើងជាបន្តបន្ទាប់ ដំណាលៗគ្នា។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា គោលនយោបាយនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាចគ្រប់គ្រងនិងដោះស្រាយបានគ្រប់ស្ថានភាព ទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីយ៉ាងណាក្តី។
តាមរយៈកិច្ចខិតខំនេះ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស និងបន្តស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់។ លទ្ធផលនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពធន់នៃសេដ្ឋកិច្ចជាតិ ក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយទាំងក្នុងតំបន់ និងសកលលោក។
សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ដោយបានជំរុញឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈ។
ជាក់ស្តែង ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក។ បន្ថែមលើនេះ គិតត្រឹមត្រីមាសទី១ ឆ្នាំនេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ជាង ៤៧ ០០០សហគ្រាស ជាមួយចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់។
ក្រៅពីនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត តាមរយៈការពង្រឹងនិងពង្រីកយន្តការតាមដានត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងពង្រីកវិសាលភាពគ្របដណ្តប់នៃរបបសន្តិសុខសង្គមជាបន្តបន្ទាប់៕