បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផលិតផល៤មុខទៀតត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

ផលិតផល៤មុខទៀតត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication ឬ GI)” ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ។ ការចុះបញ្ជី GI នេះនឹងជួយការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅលើទីផ្សារអន្តរជាតិនាពេលអនាគតផងដែរ។

Advertisement

ផលិតផលទាំង ៤ រួមមាន៖
១. សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតដែលគ្មានសារធាតុគីមី។
២. ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃពីតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។
៣. ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។
៤. ស្វាយឧត្តរមានជ័យ (Oddar Meanchey Mango)៖ ស្វាយមានសាច់ណែន ស្រួយ មានទឹកដម និងរសជាតិជូរអែមឆ្ងាញ់ អាចកែច្នៃបានច្រើនប្រភេទ។

ផលិតផលទាំងនេះត្រូវបានផលិត និងប្រមូលផលនៅតំបន់ភូមិសាស្ត្រជាក់លាក់ ដែលមានលក្ខខណ្ឌធម្មជាតិ និងបច្ចេកទេសផលិតជាក់លាក់ បង្កើតឱ្យមានអត្តសញ្ញាណ និងគុណភាពពិសេស ហើយមានសក្តានុពលក្នុងការទទួលស្គាល់ និងការពារនៅលើទីផ្សារអន្តរជាតិ។

ការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការការពារផ្លូវច្បាប់ ទប់ស្កាត់ការក្លែងបន្លំ និងធានាប្រើប្រាស់ឈ្មោះផលិតផលត្រឹមត្រូវតាមតំបន់ភូមិសាស្ត្រ។

វាក៏ជួយថែរក្សាវប្បធម៌ និងប្រពៃណី តាមរយៈការរក្សាទុកចំណេះដឹង និងវិធីសាស្ត្រផលិតតាមសហគមន៍
ព្រមទាំងជួយលើកកម្ពស់ទេសចរណ៍តាមតំបន់ផលិត និងគាំពារការផលិតស្របតាមបរិស្ថានធម្មជាតិ។

ក្រៅពីនេះ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នឹងជួយបង្កើនតម្លៃផលិតផល និងពង្រីកសក្តានុពលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ព្រមទាំងជួយបើកផ្លូវសម្រាប់ការទទួលស្គាល់ GI នៅក្រៅប្រទេស និងការពារផលិតផលខ្មែរ នៅលើទីផ្សារសកល៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា