ក្រសួងព្រះបរមរាជវាំងបានប្រកាសនៅព្រឹកថ្ងៃសុក្រនេះថា ស្ថានភាពព្រះរាជសុខភាពរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងរយៈពេលមួយសប្តាហ៍នេះ បានប្រសើរបន្តិចជាងមុន ក្រោយទទួលការព្យាបាលព្រះរោគដោយការវះកាត់ធំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ចេញផ្សាយនៅព្រឹកថ្ងៃច័ន្ទ ទី២៧មេសានេះ។
ក្រសួងបញ្ជាក់ថា ការវះកាត់ត្រូវបានធ្វើឡើងដោយលោក លោកស្រី សាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសដ៏ជំនាញពូកែៗ ហើយព្រះមហាក្សត្រកម្ពុជាទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលពោរពេញដោយបទពិសោធបច្ចេកទេសខ្ពស់ជាច្រើនឆ្នាំ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងព្រះបរមរាជវាំងបានបន្ថែមលម្អិតថា ក្រុមវេជ្ជបណ្ឌិតចិនបានថ្វាយការព្យួរសេរ៉ូម ឆ្លុះអេកូព្រះទរ ព្រះបាទ និងថ្វាយព្រះឱសថបំបាត់ការឈឺចាប់ ព្រមទាំងព្រះឱសថផ្សះមុខរបួសវះកាត់តាមពេលវេលាកំណត់ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ទន្ទឹមនេះដែរ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ដើម្បីពិនិត្យតាមដាន និងទទួលការថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ ។
សូមបញ្ជាក់ថា ព្រះករុណាព្រះមហាក្សត្រ ដែលគង់ប្រថាប់នៅប្រទេសចិនជាមួយសម្តេចម៉ែ បានទទួលការវះកាត់នៅមន្ទីរពេទ្យក្រុងប៉េកាំង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ សម្តេចតេជោ ហ៊ុន សែន និងកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តមហ៊ុន ម៉ានី ក៏បានអញ្ជើញទៅកំដព្រះមហាក្សត្រផងដែរនាឱកាសនោះ។
យោងតាមក្រសួងព្រះបរមរាជវាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូមថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេច ថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គបានឆាប់ជាសះស្បើយពីព្រះរោគជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ៕