ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ បណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ជាប្រធាន សម្រេចបានលទ្ធផលការងារសំខាន់ៗជាច្រើន ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងរយៈពេល៣ខែនោះ បណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំ និងកម្មវិធីផ្សេងៗជាច្រើនលើក ក៏ដូចជា ការទទួលបដិសណ្ឋារកិច្ច ឯកឧត្តមអភិសន្តិបណ្ឌិត និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងការទទួលគ្រូពេទ្យស្ម័គ្រចិត្ត និងថ្នាក់ដឹកនាំនានា ជាពិសេសបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលគណៈប្រតិភូអន្តរជាតិចំនួន៦ប្រទេស និងបានចុះអនុស្សរណៈ (MoU) ជាមួយមជ្ឈមណ្ឌលវប្បធម៌ នៃប្រទេសតួកគីយ៉េ ។
ជាមួយគ្នានេះ បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានអភិវឌ្ឍសមត្ថភាពគ្រូ និងមន្ត្រី ដោយបានបើកដំណើរការបណ្តុះបណ្តាល ផ្ទៃក្នុងជាតិ៣វគ្គ និងអន្តរជាតិ១វគ្គ ស្មើនឹងមនុស្ស៣៣៧នាក់បានចូលរួម។ បានបើកវគ្គបាឋកថា៣វគ្គ ស្មើនឹង៨១៧នាក់ និងបានបញ្ជូនមន្ត្រីទៅរៀនក្រៅប្រទេស១នាក់ ក្នុងប្រទេស៦៨នាក់ ព្រមទាំងបានធ្វើតេស្តវាស់ស្ទង់សមត្ថភាពឌីជីថល បានចំនួន២០៥នាក់។
ដោយឡែក ការពង្រឹងយន្តការធានាគុណភាពអប់រំផ្ទៃក្នុង និងកែលម្អកម្មវិធីសិក្សាឱ្យកាន់តែប្រសើរឡើង ក៏ត្រូវបានស្ថាប័នទទួលបន្ទុកបណ្ដុះបណ្ដាលកងកម្លាំងមួយនេះ យកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មផងដែរ។ ក្នុងនោះរួមមាន ការវាយតម្លៃ និងអភិវឌ្ឍសមត្ថភាពគ្រូបង្គោលផ្នែកភាសាអង់គ្លេស និងឌីជីថលចំនួន ២៥នាក់ អភិវឌ្ឍសមត្ថភាពគ្រូ៨៦នាក់ ការកែលម្អសៀវភៅគោលចំនួន ៣០មុខវិជ្ជា និងការបន្តចងក្រងសៀវភៅស្រាវជ្រាវចំនួន ៦ប្រធានបទបន្ថែមទៀត។ បណ្ឌិត្យសភាក៏បានជំរុញការងារទស្សនាវដ្ដីវិទ្យាសាស្ត្រ ព្រមទាំងបន្តការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានាឱ្យមានភាពទំនើបផងដែរ។
របាយការណ៍ដដែលបន្តថា បណ្ឌិត្យសភានគរបាល បានជួបជាមួយអាណាព្យាបាលនិស្សិត ដែលជ្រើសរើសថ្មី ដើម្បីតម្រង់ទិសមុនចាប់ផ្ដើមសិក្សា និងបានដំណើរការវគ្គសិក្សា រយៈពេលវែង-ខ្លី ចំនួន៣០វគ្គ ដោយមានសិក្ខាកាមចូលរួមចំនួន ៣ ៣៨៧នាក់ មាននារី៥៨៦នាក់។ បន្ថែមពីនេះទៀត បណ្ឌិត្យសភានគរបាល បានបញ្ចប់គម្រោងស្រាវជ្រាវចំនួន១ និងបានកំពុងអនុវត្តគម្រោងស្រាវជ្រាវសំខាន់ៗចំនួន៣ រួមមាន គម្រោងមេគង្គ-ឡានឆាង ការងារជាមួយទីភ្នាក់ងារកូរ៉េ KOICA និងការចងក្រងសទ្ទានុក្រមបច្ចេកទេសក្នុងវិស័យសន្តិសុខ។
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានចាត់ទុកលទ្ធផល ដែលសម្រេចបានក្នុងរយៈពេលមួយត្រីមាសដើមឆ្នាំ២០២៦នេះ ថា ជាការបង្ហាញអំពីការបោះជំហានយ៉ាងលឿន ក្នុងការធ្វើទំនើបកម្មការបណ្ដុះបណ្ដាលកងកម្លាំងមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ។
សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ខាងមុខនេះវិញ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងបន្តអនុវត្តផែនការកាងារឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះរួមមាន អនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ កសាងសមិទ្ធផលថ្មីៗ អភិវឌ្ឍសមត្ថភាពថ្នាក់ដឹកនាំ គ្រូ និងមន្ត្រី ព្រមទាំងកៀរគរសប្បុរសជន ដើម្បីការអភិវឌ្ឍដំណើរការវគ្គគ្រប់កម្រិត ពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាល សហការកែលម្អ និងធ្វើអន្តរជាតូបនីយកម្មកម្មវិធីអប់រំជាដើម៕
ដោយ ៖ វណ្ណលុក