បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរាជួសជុលកំពែងក្រុងអង្គរធំ ដើម្បីការពារហានិភ័យនៃកត្តាធម្មជាតិ

អាជ្ញាធរជាតិអប្សរាជួសជុលកំពែងក្រុងអង្គរធំ ដើម្បីការពារហានិភ័យនៃកត្តាធម្មជាតិ

អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលជញ្ជាំងកំពែងថ្មបាយក្រៀមនៃក្រុងអង្គរធំប្រវែង ១៥ ម៉ែត្រ ស្ថិតនៅផ្នែកខាងត្បូង ឈៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ។ សកម្មភាពជួសជុលយ៉ាងមមាញឹកនេះ ធ្វើឡើងដើម្បីស្រោចស្រង់រចនាសម្ពន្ធកំពែងបុរាណឱ្យរឹងមាំឡើងវិញ បន្ទាប់ពីរងការខូចខាតជាទម្ងន់ដោយសារអាយុកាលនៃថ្ម និងកត្តាធម្មជាតិ។

Advertisement

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ដែលជាអ្នកគ្រប់គ្រងការដ្ឋានផ្ទាល់ បានបញ្ជាក់ថា ជញ្ជាំងកំពែងផ្នែកនេះបានទទួលរងការខូចខាតជាយូរមកហើយដោយសារអាយុកាលនៃថ្ម និងកត្តាធម្មជាតិ ដែលអាចបង្កឱ្យមានហានិភ័យមួយចំនួន ដូចជា ជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នា និងថ្មមួយចំនួនរលុះធ្លាក់។

ចំពោះរចនាសម្ពន្ធស្លាបខ្លោងទ្វារទិសខាងលិច ក៏មានការខូចខាតច្រើនដែរ ដោយសារវាទ្រេត បាត់ផ្នែកដំបូល ហើយថ្មនៅសល់តិចតួចមានដូចជា ថ្មរូបទេពខ្លះៗ និងថ្មខឿននៃខ្លោងទ្វារ។ រីឯកាំជណ្តើរ រងបញ្ហាទឹកហូរច្រោះ ធ្វើឱ្យជញ្ជាំងផ្នែកខាងក្នុងហែកក្រៀកពីគ្នា ហើយបាត់ស្លាកស្នាមរូបរាងកាំជណ្តើរ និងធ្លាក់ថ្មភក់មួយចំនួនពីទីតាំងដើម។ បញ្ហាទាំងនេះ គឺទាមទារឱ្យមានការជួយសង្រ្គោះបន្ទាន់។

រីឯដំណើរការជួសជុលវិញ ក្រុមការងារបានអនុវត្តតាមដំណាក់កាលបច្ចេកទេសយ៉ាងផ្ចិតផ្ចង់បំផុត។ កិច្ចការដំបូងគឺការសម្អាតបរិវេណការដ្ឋាន និងការរៀបចំរបងការពារសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលឆ្លងកាត់ខ្លោងទ្វារទន្លេអុំ។ ក្រុមអ្នកជំនាញបានធ្វើកំណាយដើម្បីសិក្សាពីរចនាសម្ពន្ធគ្រឹះ ព្រមទាំងចុះបញ្ជីលេខសម្គាល់ថ្មដែលរាយប៉ាយ ដើម្បីងាយស្រួលក្នុងការរៀបចំទៅកាន់ទីតាំងដើមវិញឱ្យបានត្រឹមត្រូវបំផុតតាមលក្ខណៈបុរាណវិទ្យា។

គម្រោងសង្គ្រោះបន្ទាន់លើកំពែងក្រុងអង្គរធំនេះ បានចាប់ផ្ដើមដំណើរការតាំងពីដើមខែមេសា ឆ្នាំ២០២៦ មកម៉្លេះ ហើយរំពឹងថា នឹងត្រូវចំណាយពេលប្រហែល ៦ ខែ ទើបអាចបញ្ចប់ជាស្ថាពរ។ ក្នុងកំឡុងពេលជួសជុល ក្រុមការងារត្រូវប្រើបច្ចេកទេសទល់ទ្រជញ្ជាំង និងរៀបចំស្រទាប់ថ្មបាយក្រៀមឡើងវិញម្ដងមួយស្រទាប់ៗ ព្រមទាំងពង្រឹងប្រព័ន្ធបង្ហូរទឹកនៅតាមកាំជណ្តើរ ដើម្បីទប់ស្កាត់ការហូរច្រោះដីដែលជាមូលហេតុចម្បងនៃហែកជញ្ជាំង។

គួររំលឹកផងដែរថា កំពែងក្រុងអង្គរធំ គឺជាសំណង់ការពាររាជធានីដ៏អស្ចារ្យដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២។ កំពែងនីមួយៗមានប្រវែង ៣ គីឡូម៉ែត្រ និងកម្ពស់ ៨ ម៉ែត្រ ដែលតំណាងឱ្យជញ្ជាំងថ្មការពារផែនដីតាមជំនឿព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។ ការជួសជុលនេះ គឺជាកិច្ចការដ៏សំខាន់ក្នុងការថែរក្សាតម្លៃជាសកលនៃបេតិកភណ្ឌពិភពលោក និងធានានូវសុវត្ថិភាពយូរអង្វែងសម្រាប់ភ្ញៀវទេសចរមកទស្សនា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា