បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អណ្តើកហ្លួង «ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជា» ចំនួន២០ក្បាល ត្រូវបានលែងចូលក្នុងដែនជម្រកធម្មជាតិ

អណ្តើកហ្លួង «ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជា» ចំនួន២០ក្បាល ត្រូវបានលែងចូលក្នុងដែនជម្រកធម្មជាតិ

ភ្នំពេញ៖អណ្តើកហ្លួង ជា«ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជា»និងប្រភេទសត្វជិតផុតពូជចំនួន២០ក្បាល ត្រូវបានលែងចូលក្នុង​ដែន ជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិ​ឡើងវិញ។បច្ចុប្បន្នលើពិភពលោកអណ្ដើកប្រភេទនេះ មានរស់នៅក្នុងប្រទេសចំនួន៣ប៉ុណ្ណោះ ក្នុងនេះមាន កម្ពុជា មួយផងដែរ។

Advertisement

អណ្តើកហ្លួងចំនួន២០ក្បាល ត្រូវបានធ្វើពិធីលែងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ក្រោមវត្តមានចូលរួមលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។លោកជំទាវអនុរដ្ឋលេខាធិការ​បានបញ្ជាក់ថា ការលែង​អណ្តើក​ហ្លួងចូលក្នុងទីជម្រកធម្មជាតិនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការការពារ​បេតិកភណ្ឌធម្មជាតិដ៏មានតម្លៃ។លោកជំទាវបន្ថែមថា អណ្តើកហ្លួង (Batagur affinis) មិនមែនគ្រាន់តែជាប្រភេទសត្វ​ល្មូន​ធម្មតានោះទេ ប៉ុន្តែគឺជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានកំណត់ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ២០០៥។

បើតាមលោកជំទាវ អ៊ឹម រចនា អណ្ដើកហ្លួងកំពុងប្រឈមនឹងគ្រោះថ្នាក់បំផុត ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជ ខណៈបច្ចុប្បន្នលើសកលលោក អណ្ដើកប្រភេទនេះវត្តមានតែនៅប្រទេសចំនួន ៣ប៉ុណ្ណោះ គឺកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

ដោយផ្អែកតឹកតាងនេះលោកជំទាវអនុរដ្ឋលេខាធិការអះអាងថា ការការពារអណ្តើកហ្លួង មិនត្រឹមតែជាការរក្សានិមិត្តរូបជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតព្វកិច្ចអភិរក្សកម្រិតសកលផងដែរ។

ទន្ទឹមនេះលោកជំទាវក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាសហគមន៍ទាំងអស់ បន្តចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការបំផ្លាញទីជម្រក។ត្រូវរួមគ្នាធានាថា «អណ្តើកហ្លួង» នឹងបន្តរស់រានមានជីវិតក្នុងប្រព័ន្ធទឹករបស់យើងសម្រាប់ទុក​ដល់​កូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ មក តាមរយៈកិច្ចសហការរវាងអគ្គនាយកដ្ឋានជលផល អង្គការ WCS និងសហគមន៍​នេសាទ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា បច្ចុប្បន្នកម្ពុជាមានអណ្តើកហ្លួងសរុបចំនួន ៧៨៥ ក្បាល ដែលកំពុង​ថែរក្សានៅតាមមជ្ឈមណ្ឌលនានា។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អ្នកអភិរក្សទទួលបានកូនអណ្តើកញាស់ចំនួន ២៨៤ ក្បាល ពីមជ្ឈមណ្ឌលអភិរក្ស។ កន្លងមកក៏បានលែងអណ្តើកចំនួន ៤០០ ក្បាលចូលក្នុងធម្មជាតិវិញ ក្នុងនោះមាន ២១៧ ក្បាលត្រូវបានបំពាក់​ឧបករណ៍តាមដាន (Transmitters) ដើម្បីសិក្សាពីការរស់រានរបស់ពួកវា៕
ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា