ឮនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយបានក្លាយជាសមាជិកពេញសិទ្ធិទី១០របស់អាស៊ាន ក្រោយដំណើរការចរចារយ៉ាងលំបាកអស់រយៈពេលជាច្រើនឆ្នាំ។ ទង់ជាតិកម្ពុជាបានបង្ហូតលើឆាកតំបន់យ៉ាងមានមោទនភាព។

ឮនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយបានក្លាយជាសមាជិកពេញសិទ្ធិទី១០របស់អាស៊ាន ក្រោយដំណើរការចរចារយ៉ាងលំបាកអស់រយៈពេលជាច្រើនឆ្នាំ។ ទង់ជាតិកម្ពុជាបានបង្ហូតលើឆាកតំបន់យ៉ាងមានមោទនភាព។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ធ្លាប់បានលើកឡើងថា មានកត្តាសំខាន់ចំនួន៤ ដែលជំរុញឱ្យកម្ពុជាសម្រេចចូលជាសមាជិកអាស៊ាន ក្នុងនោះមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ស្មារតីសម្រេចចិត្តតាមបែបកុងសង់ស៊ីស សមាហរណកម្មសេដ្ឋកិច្ច និងការបើកទូលាយច្រកទ្វារការទូតរបស់កម្ពុជា។ ក្រោយក្លាយជាសមាជិកអាស៊ាន កម្ពុជាក៏បានធ្វើជាប្រធានប្តូរវេនអាស៊ានចំនួន៣ដងរួចមកហើយ ក្រោមការដឹកនាំរបស់សម្តេចតេជោ។
ទោះតូច ឬធំ មាន ឬក្រ ប្រទេសសមាជិកទាំងអស់របស់អាស៊ានមានសិទ្ធិស្មើៗគ្នា ក្នុងការធ្វើសេចក្តីសម្រេចចិត្តណាមួយ។ អាស៊ានមិនត្រឹមតែជាច្រកទ្វារនាំកម្ពុជាចេញទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ឱ្យកម្ពុជានូវសំឡេង និងអំណាចក្នុងការចរចាលើឆាកអន្តរជាតិ ព្រមទាំងបង្កើតឱកាសក្នុងការកសាងគ្រឹះសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា អាស៊ានគឺជាស្ពានការទូតដ៏សំខាន់ ដែលបាននាំកម្ពុជាចេញពីភាពឯកោ ទៅរកការបង្កើតដៃគូសន្ទនាទូលំទូលាយជាមួយពិភពលោក។ ការធ្វើសមាហរណកម្មពេញលេញក្នុងតំបន់ និងសកលលោកនេះ មិនត្រឹមតែជាជោគជ័យផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសក្ដានុពល និងវត្តមានរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
ដោយឡែក លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា អាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែប្រែមុខមាត់កម្ពុជា ពីប្រទេសដែលធ្លាប់រស់នៅឯកា និងមានទំនាក់ទំនងអន្តរជាតិតិចតួច មកជាចំណុចកណ្ដាលនៃប្រព័ន្ធដឹកជញ្ជូន និងការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងតំបន់។ លោកយល់ឃើញថា ការចូលជាសមាជិកអាស៊ានបានផ្ដល់ឱ្យកម្ពុជានូវ «កាតពិសេស» មួយ ដែលតំណាងឱ្យសំឡេងប្រជាជនជាង ៧០០ លាននាក់នៅក្នុងតំបន់។
ក្នុងក្របខណ័្ឌអាស៊ាន កម្ពុជាដែលជាប្រទេសតូច និងមានសេដ្ឋកិច្ចទន់ខ្សោយ អាចមានសិទ្ធិអង្គុយចរចាស្មើមុខស្មើមាត់ និងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗជាមួយប្រទេសមហាអំណាចក្នុងលោក។ ជាអ្វីដែលកម្ពុជាមិនអាចធ្វើបានឡើយ ប្រសិនបើស្ថិតនៅក្រៅសហគមន៍នេះ។
លោកបណ្ឌិត ញិល រដ្ឋា បានលើកឡើងថា ក្នុងទិដ្ឋភាពសេដ្ឋកិច្ច អាស៊ានមានធ្មេញយ៉ាងមុតស្រួច ដែលអាចទាក់ទាញមហាអំណាចធំៗដូចជា ចិន សហរដ្ឋអាមេរិក និងអឺរ៉ុប ឱ្យមកដាក់ទុនវិនិយោគយ៉ាងសម្បើមនៅក្នុងតំបន់។
ប៉ុន្តែក្នុងផ្នែកសន្តិសុខ និងយោធាវិញ លោកបណ្ឌិតយល់ថា អាស៊ានប្រៀបដូចជាខ្លាក្រដាស ដែលមានតែមាត់ តែគ្មានធ្មេញសម្រាប់ខាំ ឬដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាពឡើយ។ មូលហេតុចម្បង គឺដោយសារ «គោលការណ៍កុងសង់ស៊ីស» ពោលគឺការឯកភាពគ្នាជាឯកច្ឆន្ទ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក ដែលធ្វើឱ្យការសម្រេចចិត្តលើបញ្ហាសន្តិសុខតំបន់ជួបភាពទាល់ច្រក ឬគ្មានអំណាចក្នុងការបង្ខិតបង្ខំផ្នែកយោធា។
ទោះយ៉ាងណា អ្នកវិភាគបង្ហាញការយល់ឃើញថា សម្រាប់កម្ពុជា ទោះបីជាអាស៊ាននៅមានចំណុចខ្សោយលើផ្នែកសន្តិសុខ ប៉ុន្តែសម្រាប់កម្ពុជា ការស្ថិតនៅក្នុងសហគមន៍នេះគឺជារឿងមិនអាចខ្វះបាន ដើម្បីរក្សាតុល្យភាពនយោបាយ និងទាញយកប្រយោជន៍សេដ្ឋកិច្ចសម្រាប់អភិវឌ្ឍជាតិ៕