(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានលើកឡើងថា ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បានឈានដល់ដំណាក់កាលថ្មី ដែលផ្តោតការយកចិត្តទុកដាក់លើ «ប្រសិទ្ធភាពនៃសមិទ្ធកម្ម» សំដៅពង្រឹងនិងលើកកម្ពស់ គុណភាព និងប្រសិទ្ធភាពនៃច្បាប់ និងសេវាយុត្តិធម៌ ដើម្បីអាចឆ្លើយតបបានប្រកបដោយ ប្រសិទ្ធភាពខ្ពស់ចំពោះក្តីរំពឹងទុក សេចក្តីត្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងសង្គមនីតិរដ្ឋ និងសង្គមដែលមានសន្តិភាពពេញលេញបរិបូរណ៍។ ត្រង់ចំណុនេះ លោករដ្ឋមន្ត្រីបានអះអាង គឺដើម្បីរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០ ដោយកសាងសង្គមជាតិមួយឱ្យខ្លាំង រឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។





































