ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល កំពុងតែផ្លាស់ប្តូរតួនាទី ពីគ្រាន់តែជាអ្នកគ្រប់គ្រងជំនួយ ទៅជាអ្នកកសាងប្រព័ន្ធសុខាភិបាលជាតិដ៏រឹងមាំ ។

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល កំពុងតែផ្លាស់ប្តូរតួនាទី ពីគ្រាន់តែជាអ្នកគ្រប់គ្រងជំនួយ ទៅជាអ្នកកសាងប្រព័ន្ធសុខាភិបាលជាតិដ៏រឹងមាំ ។
ក្នុងសិក្ខាសាលាផ្តល់សុពលភាពលើ ផែនទីបង្ហាញផ្លូវចីរភាពនៃកម្មវិធីអេដស៍ (២០២៦-២០២៩) នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់វ៉េ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា ដំណើរឆ្ពោះទៅរកចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ហើយពេលនេះយើងបានមកដល់ចំណុចរបត់ដ៏សំខាន់មួយ ក្នុងការធានានូវការឆ្លើយតបដែលបានធ្វើឱ្យកម្ពុជា ក្លាយជាអ្នកដឹកនាំសកល ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងពីសមិទ្ធផលរួម ដែលជាសក្ខីភាព នៃការព្យាយាម សម្រេចបានរួមមាន៖ ការកាត់បន្ថយការឆ្លងថ្មីរហូតដល់៤៥%, អត្រាបង្ក្រាបមេរោគ(Viral suppression) ដែលបច្ចុប្បន្ននេះមានលើសពី៩៨%, កម្ពុជា កំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅសម្រេចបានគោលដៅ ៩៥-៩៥-៩៥ មុនកាលកំណត់ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីជម្នះបញ្ហាប្រឈមបច្ចុប្បន្ន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល ត្រូវតែផ្លាស់ប្តូរតួនាទី ពីគ្រាន់តែជាអ្នកគ្រប់គ្រងជំនួយ ទៅជាអ្នកកសាងប្រព័ន្ធសុខាភិបាលជាតិដ៏រឹងមាំ ។ យើងកំពុងផ្លាស់ប្តូរពីការធ្វើការបែបដាច់ដោយឡែកពីគ្នា ទៅជាស្ថាបត្យកម្ម សុខាភិបាលជាតិរួមតែមួយ ។ ការណ៍នេះ តម្រូវឱ្យមានការដឹកនាំជាយុទ្ធសាស្ត្រ ដែលយន្តការសម្របសម្រួលកម្រិតជាតិ ធានាថា គ្រប់សកម្មភាពទាំងអស់ បម្រើឱ្យចក្ខុវិស័យអធិបតេយ្យភាពរបស់កម្ពុជា ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្ថែមថា ជោគជ័យរបស់យើង នឹងមិនត្រូវបានវាស់វែង ដោយចំនួនទឹកប្រាក់ជំនួយនោះទេ ។ ប៉ុន្តែ ត្រូវធ្វើការវាស់វែងដោយប្រសិទ្ធភាព ដែលយើងបញ្ជ្រាបសេវាសង្គ្រោះជីវិតទាំងនេះ ទៅក្នុងប្រព័ន្ធជាតិរបស់យើង ។ យើងមានទិន្នន័យច្បាស់លាស់ ផែនទីបង្ហាញផ្លូវរួចរាល់ និងមុខងារដែលត្រូវបំពេញ នៅក្នុងដៃរួចហើយ ។ បន្ថែមលើនេះ ឯកឧត្តម បានស្នើថា ដំណាក់កាលធានាចីរភាព ត្រូវបានកំណត់ដោយភាពជាម្ចាស់ទាំងស្រុងរបស់កម្ពុជា និងការប្តេជ្ញាចិត្តមិនងាករេ ឆ្ពោះទៅកាន់ជំនាន់ ដែលគ្មានអេដស៍ ដោយយកមេរៀនដែលទទួលបាន ពីការឆ្លើយតបនឹងជំងឺអេដស៍ មកពង្រឹងប្រព័ន្ធសុខាភិបាលទាំងមូល និងពន្លឿនវឌ្ឍនភាព ឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ៕
ដោយ៖ វណ្ណលុក





