ភ្នំពេញ៖ ទោះបីជាពិភពលោកបច្ចុប្បន្នមានភាពប្រែប្រួល ស្មុគស្មាញ និងមិនប្រាកដប្រជាក៏ដោយ ក៏ចំណងមិត្តភាពនេះ មិនត្រឹមតែឈរយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែស្អិតល្មួត មានភាពធន់ និងស៊ីជម្រៅថែមទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍រួម។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ចំណងមិត្តភាពជាប្រពៃណី និងបងប្អូន រវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ វ៉ានណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី គូសបញ្ជាក់ថា កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនទៀត ទាំងវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ជីវភាពពលរដ្ឋទាំងសងខាង ដូចជាវិស័យទេសចរណ៍ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានលើកឡើងពីការបើកច្រករបៀងវប្បធម៌ រវាងវត្តភូ និងអង្គរវត្ត ជាដើម។
ឯកឧត្តម សនសៃ វ៉ានណាសៃ បានវាយតម្លៃ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះការរីកចម្រើនរបស់កម្ពុជា យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះរួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធសង្គម សំណង់អគាររដ្ឋ ឯកជន និងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ជាដើម។
ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏បានអរគុណរដ្ឋសភាកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ ជារៀងរាល់ឆ្នាំ ជូនរដ្ឋសភាឡាវ ក្នុងការបញ្ជូនមន្ត្រីមកសិក្សា ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យអន្តរជាតិប៊ែលធី ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ទៅកាន់ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជាថា នៅក្នុងស្ថានភាពលំបាកនេះ យើងត្រូវនាំគ្នាប្រែក្លាយ “ការប្រឈមឱ្យទៅជាឱកាស” ពង្រឹងឯកភាព និងសាមគ្គីជាតិឱ្យបានរឹងមាំ។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ដោយដៃម្ខាងដោះស្រាយបញ្ហាប្រឈម និងដៃម្ខាងទៀត ខិតខំអភិវឌ្ឍប្រទេសជាតិ ពង្រឹងមិត្តចាស់ ពង្រីកមិត្តថ្មី និងធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងប្រទេស និងតំបន់។
ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនអំពីការសម្រេចលុបចោល ជាឯកតោភាគី របស់គណៈរដ្ឋមន្ត្រីប្រទេសថៃ នូវអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ (MOU 2001) ស្តីពីដែនសមុទ្រនៃប្រទេសទាំងពីរ។ កម្ពុជា សោកស្តាយចំពោះការសម្រេចជាឯកតោភាគី ហើយនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារ ដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រ ជាមួយប្រទេសថៃ។ ជំហររបស់កម្ពុជា គោរពច្បាប់អន្តរជាតិ ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរព និងឱ្យតម្លៃខ្ពស់បំផុត លើសុខសន្តិភាព និងអាយុជីវិតប្រជាពលរដ្ឋ។
ឯកឧត្តម សនសៃ វ៉ានណាសៃ បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានប្តេជ្ញាចិត្ត នៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ឱ្យសម្រេចលទ្ធផលល្អប្រសើរ បម្រើដល់ប្រយោជន៍នៃប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ទាក់ទងនឹងការលុបនូវអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ (MOU 2001) ស្តីពីដែនសមុទ្រ ឯកឧត្តមអគ្គរដ្ឋទូតថា បានតាមដាន និងបន្តតាមដានករណីនេះ ដោយយកចិត្តទុកដាក់ផងដែរ៕