បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អំណោយសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជាក្នុងឱកាសទិវា ៨ឧសភាត្រូវបានផ្តល់ជូន ប្រជាពលរដ្ឋងាយរង​​គ្រោះ​បំផុត ៥៣២គ្រួសារ រស់នៅក្នុងស្រុកសំរោងទង

អំណោយសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជាក្នុងឱកាសទិវា ៨ឧសភាត្រូវបានផ្តល់ជូន ប្រជាពលរដ្ឋងាយរង​​គ្រោះ​បំផុត ៥៣២គ្រួសារ រស់នៅក្នុងស្រុកសំរោងទង

កំពង់ស្ពឺ៖សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបន្តចាត់ឱ្យក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២រួមជាមួយលោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ស្ពឺព្រមទាំងថ្នាក់ដឹកនាំមន្ត្រីថ្នាក់កណ្តាល មន្ត្រីប្រតិបត្តិសាខា អនុសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ដែលទទួលបានពីសប្បុររសជន ក្នុងឱកាសទិវា ៨ឧសភា ចែកជូនដល់ ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតចំនួន ៥៣២គ្រួសារ មកពី៣ឃុំ គឺឃុំក្រាំងអំពិល ឃុំទំព័រមាស និងឃុំខ្ទុំក្រាំង នៃស្រុកសំរោងទង។

Advertisement

ក្នុងពិធីចែកអំណោយដែលរៀបចំឡើងនៅវត្តអង្គចំណោមមានជ័យ ស្ថិតនៅភូមិច្រកបានសុខ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២នៃកាកបាទក្រហមកម្ពុជាបាន
ថ្លែងថាសកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានផ្តល់ជូនកាក​បាទក្រហមកម្ពុជា និងជាសក្ខីភាពមួយយ៉ាងច្បាស់ដែលបង្ហាញពីតម្លាភាពនិងគណនេយ្យភាព របស់កាកបាទក្រហមកម្ពុជា ក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកដល់​ជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ ដែលត្រូវការឱ្យជួយជាចាំបាច់។

លោក មុត ភន ប្រធានគណៈកម្មាធិការអនុសាខាស្រុកសំរោងទង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូ​កាកបាទ​ក្រហមកម្ពុជា ដែលអញ្ជើញមកចែកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ៥៣២គ្រួសារ នាឱកាស​ដ៏ថ្លៃថ្លានេះ ដែលនេះជាសកម្មភាពមួយបានផ្តល់នូវសារៈសំខាន់ យ៉ាងចាំបាច់ក្នុងការចូលរួមចំណែកជួយសម្រាលការ​លំបាក​របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកឱ្យដឹងថាក្នុងចំណោមក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ស្រុកសំរោងទងមាន ១៥ ឃុំស្មើនឹង ២៩៤ភូមិ មានប្រជាជន​រស់នៅ ១៩០,៧៥៨នាក់( ស្រី៩៨,១៦២នាក់)។ បច្ចុប្បន្នទូទាំងស្រុកមានគ្រួសារក្រីក្រសរុបចំនួន ៧,១៥៥គ្រួសារ គ្រួសារ​ងាយរងហានិភ័យសរុបចំនួន២,៣៦៣ ។ ចាស់ជរាគ្មានទីពឹងចំនួន ១០៨ នាក់ គ្រួសារផ្ទុកមេរោគអេដស៍សរុបចំនួន ១៣៩នាក់ ជនពិការសរុបចំនួន៣,៥៦៩នាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា កាកបាទ​ក្រហម​កម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោម​ការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរនិងជួយដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះ រួមមានចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើនពិបាកក្នុងការចិញ្ចឹមជីវិត ជនពិការ កុមាកំព្រារ និងគ្រួសារ​អ្នកផ្ទុកមេរោគអេដស៍ ជាដើម។ល។

សូមជម្រាបថា អំណោយកាកបាទក្រហមកម្ពុជា ដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ , មី , ត្រីខ , ទឹកស៊ីអ៊ីវ , ប្រេងឆានិងឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភបន្ថែមក្នុង មួយគ្រួសារៗ ទទួលបានថវិកា ២ម៉ឺនរៀល។ ជាមួយគ្នានេះគណៈប្រតិភូបានប្រគេនទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃគង់នៅវត្តអង្គចំណោមមានជ័យផងដែរ៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា