កំពត៖ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រសេវាលឿនរហ័ស របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ។

កំពត៖ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រសេវាលឿនរហ័ស របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានកោតសរសើរ និងសម្តែងក្តីពេញចិត្ត ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការដាក់ចេញសេវាលឿនរហ័ស ក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើបណ្ណកម្មសិទ្ធិដីធ្លីនេះ ឱ្យកាន់តែលឿនថែមទៀត ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ។
ទន្ទឹមនឹងការកោតសរសើរ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គួរដាក់ការផ្តល់សេវាសាធារណៈរហ័ស (Express Service) ក្នុងការធ្វើបណ្ណ និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ឲ្យទៅជាសេវាចាំបាច់ ។
គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានដាក់ចេញយន្តការផ្ដល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយាដី នៅរដ្ឋបាលកណ្ដាលក្រសួង ដើម្បីផ្ដល់ភាពងាយស្រួលបន្ថែមដល់ប្រជាពលរដ្ឋ និងធុរជន៕







