បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជធានីចតុមុខមង្គលត្រូវមានដង្ហើមសេដ្ឋកិច្ច និងជាកន្លែងលំហែកម្សាន្តស្រស់បំព្រង

រាជធានីចតុមុខមង្គលត្រូវមានដង្ហើមសេដ្ឋកិច្ច និងជាកន្លែងលំហែកម្សាន្តស្រស់បំព្រង

ប្រែក្លាយភ្នំពេញទៅជារាជធានីចតុមុខមង្គល ដែលមានភាពស្រស់បំព្រងជាងមុន មានដង្ហើមសេដ្ឋកិច្ចចេញ-ចូល និងជាទីដែលប្រជាជនអាចទៅលំហែកម្សាន្តបាន គឺជាជំហានថ្មីមួយទៀតដែលត្រូវធ្វើ។ នេះជាការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យ និងសម្រេចលើការស្នើសុំលិខិតអនុញ្ញាតសាងសង់ ៣ករណី នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

Advertisement

ក្នុងកិច្ចប្រជុំនេះ ក្រសួងបានពិនិត្យលើការស្នើសុំលិខិតអនុញ្ញាតសាងសង់សម្រាប់គម្រោងសាងសង់អគារការិយាល័យ ស្ថិតនៅភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ករណីសំណើសុំលិខិតប្រើប្រាស់សំណង់រោងចក្រស្បែកជើងស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងករណីស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន ១៧គម្រោង ដែលហួសបរិបថនៃការផ្ដល់សេវារយៈពេល ៤៥ ថ្ងៃនៃថ្ងៃធ្វើការ។ ការត្រួតពិនិត្យលើសំណើសុំលិខិតអនុញ្ញាតសាងសង់ក្នុងករណីខាងលើនេះ គឺផ្អែកលើបច្ចេកទេស និង បទបញ្ញត្តិគតិយុត្តិ គុណតម្លៃនៃស្ថាបត្យកម្មក្រុង គុណតម្លៃសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់កម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យមានការគិតគូរជាគោលការណ៍ និងតម្រង់ទិសក្នុងការអនុម័តគម្រោងសាងសង់ខាងលើ ដើម្បីរៀបចំក្រុង ដោយមិនគ្រាន់តែគូសប្លង់ឱ្យស្អាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរពីដង្ហើមសេដ្ឋកិច្ចផងដែរ។ ឯកឧត្តមបញ្ជាក់ថា ចំពោះករណីសំណើទាំងនេះ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ត្រូវគិតគូរសម្រេចចិត្តឱ្យបានច្បាស់លាស់ ទាំងបច្ចេកទេស និងបទបញ្ញត្តិឱ្យបានត្រឹមត្រូវ ជាពិសេសចំពោះគម្រោងសាងសង់អគារការិយាល័យស្ថិតនៅក្បាលដីលេខ៤១ ភូមិ៤ សង្កាត់ចតុមុខ ព្រោះអគារនេះស្ថិតនៅតាមបណ្ដោយផ្លូវដែលប្រមុខថ្នាក់ដឹកនាំតែងតែឆ្លងកាត់ និងនៅក្នុងបណ្ដុំទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ដូចជាវិមានឯករាជ្យជាដើម។

ពាក់ព័ន្ធការងាររៀបចំក្រុង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យមានការយកចិត្តទុកដាក់ទៅលើសេវាសាធារណៈចាំបាច់នានា ដូចជាការថែទាំ និងស្ដារប្រឡាយកុំឱ្យមានការលិចលង់នៅពេលមានភ្លៀងធ្លាក់, ទម្លុះទម្លាយផ្លូវឱ្យបានច្រើនដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍, និងដោះស្រាយបញ្ហាសំណង់មិនរៀបរយ ដែលអាចបញ្ជៀសការកកស្ទះ និងលើកស្ទួយសេចក្តីថ្លៃថ្នូររបស់ប្រជាជននៅរាជធានីភ្នំពេញ៕

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា