បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតីគូសបញ្ជាក់ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រព័ន្ធគាំពារសង្គម

សម្ដេចធិបតីគូសបញ្ជាក់ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រព័ន្ធគាំពារសង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសារលិខិតមួយដើម្បីអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ឆ្នាំ២០២៦ ដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ឧសភា ក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព” ។

Advertisement

សម្តេចធិបតីនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំដើម្បីបន្តរក្សាបានសុខសន្តិភាព បង្កើនតម្លៃសង្គម សេដ្ឋកិច្ច វប្បធម៌ និងបង្កើតនូវគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចមហាបវរធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធជាច្រើន សំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរ ដោយប្រកាន់ខ្ជាប់ស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ ហើយផ្តោតលើកិច្ចអន្តរាគមន៍ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ។

កម្មវិធីជាតិជំនួយសង្គមរួមមានដូចជា៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា អាយុ៦០ឆ្នាំឡើង និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។

ក្នុងសារលិខិតដដែល សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរពីកម្មវិធីជំនួយសង្គមសម្រាប់ពលរដ្ឋរងផលប៉ះពាល់ពី វិបត្តិព្រំដែន កម្ពុជា-ថៃ និងកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែន ក៏ដូចជាពលករ និងកម្មករនិយោជិត ដែលរងផលលំបាកពីវិបត្តិនេះផងដែរ ។ ការអន្តរាគមន៍នេះមានដូចជា ការស្ដារជីវភាព និងការជួសជុលលំនៅឋាន ព្រមទាំងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរងការខូចខាតក្នុងមូលដ្ឋាននីមួយៗ ដើម្បីឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ ។

ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្រាប់បណ្ដាញព័ត៌មាន AMS ថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅប្រមាណ ៤.៨៤លាននាក់ ឬស្មើនឹងប្រមាណ ២៨ភាគរយ នៃប្រជាពលរដ្ឋសរុប ក្នុងនោះ រាជរដ្ឋាភិបាល បានវិភាជថវិការដ្ឋប្រមាណ ២៥៧លានដុល្លារអាម៉េរិក ដើម្បីអនុវត្តកម្មវិធីទាំងនេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា តាមគម្រោង រាជរដ្ឋាភិបាល នឹងសាងសង់ជម្រកបណ្តោះអាសន្នចំនួន ៣ពាន់ខ្នង នៅខេត្តឧត្ដរមានជ័យ ព្រះវិហារ និងបន្ទាយមានជ័យ សម្រាប់ផ្ដល់ជូនដល់ពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា