ក្នុងសម័យប្រជុំពេញអង្គវិសាមញ្ញនៅព្រឹកថ្ងៃទី១២ ខែឧសភានេះ រដ្ឋសភាជាតិបានពិភាក្សា និងអនុម័តជាឯកច្ឆ័ន្ទលើ «សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា» ដែលជាច្បាប់ថ្មីមួយសម្រាប់ជំនួសច្បាប់ចាស់ឆ្នាំ២០០៦។ សេចក្តីព្រាងច្បាប់ដែលមាន២០មាត្រានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ។
រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងកម្លាំងបម្រុងសម្រាប់វិស័យការពារជាតិ ការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្ដុះស្មារតីស្នេហាជាតិ វិន័យ និងផ្នត់គំនិតវិជ្ជមានដល់ប្រជាពលរដ្ឋខ្មែរ ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់ការពារឧត្តមប្រយោជន៍ជាតិ។
ខ្លឹមសារសំខាន់ៗនៃច្បាប់ថ្មីនេះ គឺបុរសខ្មែរដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ នឹងត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។ ដោយឡែក សម្រាប់ស្ត្រី មិនមានលក្ខណៈបង្ខំជាកាតព្វកិច្ចឡើយ ប៉ុន្តែរដ្ឋលើកទឹកចិត្ត ឱ្យនារីចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។
កាតព្វកិច្ចយោធាត្រូវបានលើកលែងសម្រាប់ភិក្ខុសង្ឃ បព្វជិតសាសនា ជនមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់សម្រាប់ជាតិ។
រាជរដ្ឋាភិបាល និងរដ្ឋសភា ប្តេជ្ញាអនុវត្តច្បាប់នេះដោយតម្លាភាព និងយុត្តិធម៌ ដោយមិនមានការលើកលែងពិសេសណាមួយសម្រាប់កូនអ្នកមាន ឬមន្ត្រីជាន់ខ្ពស់ឡើយ។
អ្នកដែលបំពេញកាតព្វកិច្ចយោធារួច នឹងទទួលបានអាទិភាពក្នុងការងារ រក្សាមុខតំណែង និងប្រាក់បៀវត្សរ៍សម្រាប់អ្នកមានការងារស្រាប់ ព្រមទាំងមានសិទ្ធិបន្តការសិក្សា។
ដោយឡែក បុគ្គលដែលគេចវេសពីកាតព្វកិច្ចយោធា អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសជាប់ពន្ធនាគារចាប់ពី ៦ ខែ រហូតដល់ ៥ ឆ្នាំ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា នឹងយករូបមន្តតាមតម្រូវការនៃកងទ័ពជាក់ស្ដែងប្រចាំឆ្នាំ និងផ្ដល់អាទិភាពចំពោះអ្នកស្ម័គ្រ គឺមិនមែនយកយុវជនទៅបំពេញកាតព្វកិច្ចយោធាទាំងអស់គ្នានោះទេ។
សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាពិនិត្យ និងអនុម័តបន្តទៀត មុននឹងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា និងប្រកាសឲ្យអនុវត្ត៕