បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរអប្សរាអំពាវនាវឱ្យភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្ននារដូវវស្សា

អាជ្ញាធរអប្សរាអំពាវនាវឱ្យភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្ននារដូវវស្សា

 ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ កាត់បន្ថយហានិភ័យពីបាតុភូតធម្មជាតិ និងរក្សាបទពិសោធន៍ទស្សនា ប្រាសាទនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក អង្គរ ដោយភាពរីករាយនៅរដូវវស្សានេះ អាជ្ញាធរជាតិអប្សរាបានអំពាវនាវឲ្យភ្ញៀវទេសចរ និងសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលអាចកើតមានពីដើមឈើ ក្នុងពេលមានភ្លៀងខ្លាំង ឬខ្យល់កន្ត្រាក់ ហើយសូមកុំចតយានយន្តក្រោមដើមឈើធំៗ ព្រោះអាចមានការបាក់មែក ឬរលំដើមឈើដោយសារសភាពដីទន់ជ្រាយ។
 
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១១ឧសភា អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យសាធារណជនចៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងកុំជ្រកក្រោមដើមឈើធំៗ នៅពេលមេឃខ្មៅ ឬមានភ្លៀងផ្គររន្ទះខ្លាំង។
 
ពាក់ព័ន្ធនឹងការរៀបចំខ្លួនវិញ ភ្ញៀវទេសចរត្រូវបានណែនាំឱ្យប្រើប្រាស់ស្បែកជើងដែលមានភាពស្អិតល្អ ដើម្បីបង្ការការរអិល ដោយសារថ្មប្រាសាទអាចមានសភាពរអិលខ្លាំងនៅពេលសើម។ ទន្ទឹមនឹងនេះ ក៏គួរត្រៀមអាវភ្លៀង ឬឆ័ត្រ ដែលមិនមានចុងស្រួចខ្លាំង ដើម្បីជៀសវាងការប៉ះពាល់ដល់ថ្ម និងចម្លាក់ប្រាសាទផងដែរ ហើយត្រូវចៀសវាងប្រើប្រាស់សម្ភារ ដែលមានស្លាកសញ្ញា Logo តំណាងឱ្យការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ដែលផ្ទុយពីគោលការណ៍គ្រប់គ្រងបេតិកភណ្ឌពិភពលោក។
 
អាជ្ញាធរជាតិអប្សរា ក៏បានស្នើឱ្យភ្ញៀវទេសចរ ស្លៀកពាក់ឱ្យបានសមរម្យ និងគោរពតាមក្រមប្រតិបត្តិអង្គរ ដើម្បីរួមចំណែកថែរក្សាតម្លៃវប្បធម៌ និងសេចក្តីថ្លៃថ្នូរនៃតំបន់បេតិកភណ្ឌពិភពលោកនេះ។
 
ក្រៅពីនេះ ដោយសាររដូវវស្សាអាចមានសត្វល្អិតច្រើននៅតំបន់ព្រៃ អាជ្ញាធរជាតិអប្សរា បានណែនាំឱ្យភ្ញៀវទេសចរ លាបថ្នាំការពារសត្វល្អិត និងគោរពតាមស្លាកសញ្ញាព្រមាននានា ក៏ដូចជាការណែនាំរបស់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំការនៅតាមទីតាំងផ្សេងៗ។
 
ជាពិសេស អាជ្ញាធរជាតិអប្សរា បានអំពាវនាវឱ្យចៀសវាងការផ្តល់ចំណី ឬប៉ះពាល់ដោយផ្ទាល់ជាមួយសត្វស្វា ដោយបញ្ជាក់ថា សកម្មភាពទាំងនេះ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ឥរិយាបថធម្មជាតិរបស់សត្វ ធ្វើឱ្យសត្វពឹងផ្អែកលើមនុស្ស និងបង្កហានិភ័យសុខភាព ព្រមទាំងគ្រោះថ្នាក់ពីការប្រឈមមុខរវាងមនុស្ស និងសត្វ។
 
អាជ្ញាធរជាតិអប្សរា ជឿជាក់ថា គ្រប់ភាគីពាក់ព័ន្ធ និងសាធារណជនទាំងអស់ នឹងចូលរួមអនុវត្តតាមការណែនាំទាំងនេះ ដើម្បីធានាសុវត្ថិភាព និងរួមគ្នាថែរក្សារមណីយដ្ឋានអង្គរ ឱ្យស្ថិតស្ថេរជាមរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ៕

Advertisement
ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា