ភ្នំពេញ៖ទាំងកម្ពុជា និងវៀតណាម បានមើលឃើញដូចគ្នាអំពីកិច្ចសហប្រតិបត្តិការនៅតាមព្រំដែនគឺជាកិច្ចការដ៏ល្អ ដែលប្រទេសទាំងពីរបានធ្វើការជាមួយគ្នា ដោយរក្សាបាននូវសន្តិសុខ សន្តិភាពយ៉ាងរឹងមាំ ។នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ។
ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបចប់ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានលើកឡើងថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងដ៏រឹងមាំគ្នា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ទាំងក្របខ័ណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ និងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់ ។
ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បានគូសរំលេចថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នៅតាមព្រំដែន គឺជាកិច្ចការដ៏ល្អ ដែលប្រទេសទាំងពីរ បានធ្វើការជាមួយគ្នា ដោយរក្សាបាន នូវសន្តិសុខ សន្តិភាព នៅតាមព្រំដែនយ៉ាងរឹងមាំ ហើយបន្តនូវកិច្ចការនេះឱ្យកាន់តែមានភាព ឋិតថេរ ជាពិសេស គឺសំដៅទៅលើការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ដល់ប្រជាជន នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ។
តបទៅកាន់ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត, សម្ដេចតេជោ ហ៊ុន សែន បានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមជាពិសេស ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌនៃកិច្ចសហការនៅតាមព្រំដែន។សម្ដេចតេជោបានលើកឡើងថា កន្លងមក កម្ពុជា តែងតែជំរុញឱ្យអាជ្ញាធរនៅតាមបណ្ដាខេត្តព្រំដែន ធ្វើយ៉ាងណា បង្កើននូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នៅតាមព្រំដែននិងឱ្យមានភាពរឹងមាំ ។
សម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងស្នូលរវាងកម្ពុជា និងវៀតណាម នៅតែមិនអាចកាត់ផ្ដាច់បានពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ។សម្ដេចចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឡើងដល់ ២០ ពាន់លានដុល្លារ នៅពេលខាងមុខតាមអ្វីដែលប្រទេសទាំងពីរបានប្ដេជ្ញាជាមួយគ្នា។សម្ដេចតេជោ ជឿជាក់ថា ប្រទេសទាំងពីរ មានលទ្ធភាពធ្វើទៅបាន ដោយសារពី ១ឆ្នាំ ទៅ ១ឆ្នាំ កំណើននៃការនាំចេញនៅក្នុងផ្នែកពាណិជ្ជកម្មមានការកើនឡើង ខណៈទំហំពាណិជ្ជកម្ម កាលពីឆ្នាំ២០២៥កន្លងទៅ រវាងប្រទេសទាំងពីរកើនឡើងដល់ ១១ ពាន់លានដុល្លារ ។ដូច្នេះប្រទេសទាំងពីរ ត្រូវខិតខំប្រឹងប្រែងក្នុងការពង្រីកពាណិជ្ជកម្មនេះ ឱ្យកាន់តែមានការកើនឡើងបន្តទៀត ។
តបទៅនឹងការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ,ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បញ្ជាក់ដោយសុទិដ្ឋិនិយមថា កម្ពុជា និងវៀតណាម ប្រាកដជាអាចធ្វើទៅបាននៅក្នុងការសម្រេចទិសដៅទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លារនៅពេលខាងមុខ ។
ជាការកត់សម្គាល់ទស្សនកិច្ចរបស់ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅពេលនេះ គឺជាការផ្លាស់ប្ដូរដំណើរទស្សនកិច្ច ទៅវិញទៅមក ខណៈនៅឆ្នាំ២០២៧ ខាងមុខ គឺជាខួប ៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម ។
សម្ដេចតេជោប្រមុខរដ្ឋស្តីទី បានចាត់ទុកដំណើរទស្សនកិច្ច របស់ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត មកកាន់ប្រទេសកម្ពុជា ថា ជាការរួមចំណែកដល់ការរឹតចំណងមិត្តភាព រវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ និងនិយាយដោយឡែក នៅក្នុងក្របខ័ណ្ឌ គណបក្ស និងគណបក្ស ឱ្យកាន់តែរីកចម្រើនបន្តទៀត ៕
ដោយ៖វណ្ណលុក