ភ្នំពេញ៖ក្នុងពិធីអបអរសាទរ ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងគិតគូរពីសុខភាពផ្លូវចិត្តដល់បងប្អូនកម្មករនិយោជិត មិនមែនជាបន្ទុកចំណាយនោះទេ ប៉ុន្តែគឺជាការវិនិយោគយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាព និងធានានិរន្តរភាពអាជីវកម្ម។
មានប្រសាសន៍ទៅកាន់អ្នកចូលរួមជាង១៣០០នាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា ក្រសួងនឹងដាក់ឱ្យសាកល្បងនូវប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិ ដើម្បីតាមដានកម្រិតកម្ដៅ ជាតិពុល ក្លិនស្អុយ ខ្យល់ និងសំណើមនៅតាមរោងចក្រ។ជាមួយគ្នានេះ យុទ្ធនាការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងសុខភាពផ្លូវចិត្ត ក៏កំពុងត្រូវបានជំរុញយ៉ាងសកម្ម ដើម្បីធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងផាសុកភាពពិតប្រាកដ។
ពិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» នៅព្រឹកថ្ងៃទី១៣ ខែឧសភា បានប្រារព្ធក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” ។
ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកប្រធានបទនេះ សំខាន់សម្រាប់កម្ពុជា។គឺដើម្បីជំរុញការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងស្វែងយល់ពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងភាពតានតឹងផ្លូវចិត្តហើយរួមគ្នារៀបចំវិធានការទប់ស្កាត់ឱ្យបានគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមបន្តថា ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាននិងសុខភាពមនុស្សទូទាំងពិភពលោក ហើយមិនមែនជារឿងដាច់ដោយឡែកសម្រាប់កម្ពុជានោះទេ ដែលនាំឱ្យអង្គការ ILO បង្កើតអនុសញ្ញា ១៥៥ និង ១៨៧ ដែលផ្តោតលើសុវត្ថិភាពនិងសុខភាពការងារ។
ឯកឧត្តម ហេង សួរ បានពន្យល់យ៉ាងលម្អិតអំពីមូលហេតុបង្កនៃបញ្ហាទាំងពីរនេះ ដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ។ ក្នុងនោះ ក្រសួងបានពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន តាមរយៈការរៀបចំកម្មវិធីបណ្ដុះបណ្ដាល ការចុះត្រួតពិនិត្យ និងការតាមដានយ៉ាងសកម្ម។ ជាពិសេស ក្នុងស្មារតីបុរេសកម្ម ក្រសួងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលរួមបញ្ចូលទាំងវិធានការការពារភាពតានតឹងដោយកម្ដៅ និងការលើកកម្ពស់សុខភាពផ្លូវចិត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែផ្ដល់អាទិភាពខ្ពស់បំផុតលើសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។
បន្ថែមលើវិធានការបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យអធិការពេទ្យការងារ បន្តពង្រឹងតួនាទីរបស់ខ្លួនឱ្យបានពេញលេញ ក្នុងការជំរុញឱ្យតាមបណ្តាសហគ្រាស រោងចក្រ រៀបចំប្រព័ន្ធតាមដានកម្ដៅ និងប្រព័ន្ធផ្ដល់ព័ត៌មានរហ័ស ក៏ដូចជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) ឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ និងប្រើប្រាស់យន្តការត្រីភាគី ដើម្បីពង្រីកវិសាលភាពនៃការការពារកម្មករនិយោជិតឱ្យកាន់តែទូលំទូលាយ។
ក្នុងឱកាសនេះដែរលោក ទុន សុភ័ណ្ឌ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO, លោក He Enjia ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ក៏បានលើកឡើងពីសារៈសំខាន់នៃការបង្ការភាពតានតឹងដោយកម្ដៅនិងសុខភាពផ្លូវចិត្ត ប្តេជ្ញាបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងជំរុញឱ្យមានកិច្ចខិតខំរួមគ្នាបន្ថែមទៀតពីភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហានេះសម្រាប់កម្មករនិយោជិត៕
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា