បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-អាស៊ែបៃហ្សង់ មានទស្សនៈ និងឆន្ទៈដូចគ្នា នៅក្នុងការលើកកម្ពស់សន្តិសុខ ផ្តោតលើផលប្រយោជន៍របស់ប្រជាជន

កម្ពុជា-អាស៊ែបៃហ្សង់ មានទស្សនៈ និងឆន្ទៈដូចគ្នា នៅក្នុងការលើកកម្ពស់សន្តិសុខ ផ្តោតលើផលប្រយោជន៍របស់ប្រជាជន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម អែលឈិន អាមៀបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ដែលមានតាំងពីយូរមកហើយ ហើយ​បានឈរលើ​ការជឿជាក់គ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក។ កម្ពុជា-អាស៊ែបៃហ្សង់ មានទស្សនៈ និងឆន្ទៈដូចគ្នា នៅក្នុងការលើកកម្ពស់សន្តិសុខ ផ្តោតលើផលប្រយោជន៍របស់ប្រជាជន។

Advertisement

ការលើកឡើងខាងលើ បានធ្វើឡើងនៅក្នុងឱកាស សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាជាមួយ ឯកឧត្តម អែលឈិន អាមៀបាយ៉ូវ និងសហការី កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូ​បំពេញ​ទស្សនកិច្ចការងារនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតីបានចាត់ទុកវត្តមានរបស់ឯកឧត្តមតំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានឆ្លុះបញ្ចាំង​ឱ្យឃើញពីការបន្តរឹតចំណងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានកសាងឡើងតាំង​ពីឆ្នាំ១៩៩៥ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សម្តេចធ្លាប់បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅអាស៊ែបៃហ្សង់ និងតែងតែបានជួប​ពិភាក្សាការងារជាមួយលោកជំទាវ សាហ៊ីបា ហ្គារ៉ុវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅក្នុងឱកាសចូលរួមវេទិកាអន្តរសភានានា។ សម្តេចបានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់អាស៊ែបៃហ្សង់។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្ថែមថា ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ បានវិវឌ្ឍរីកចម្រើនគួរកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរ និងការជួបប្រាស្រ័យទាក់ទងគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ និងមន្ត្រី​ជំនាញជាន់ខ្ពស់ ពិសេសក្រុមមិត្តភាពរដ្ឋសភាប្រទេសទាំងពីរ។ រដ្ឋសភាប្រទេសទំាងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២២ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋ​អាស៊ែបៃហ្សង់ នៅកម្ពុជា។

ឯកឧត្តម អែលឈិន អាមៀបាយ៉ូវ បានជម្រាបសម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលជោគជ័យនៃជំនួបរវាងឯកឧត្តម និង​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ក៏ដូចជាជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តមប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ថា ជំនួបទាំងពីរនេះ បានផ្តល់នូវឱកាសថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែស៊ីជម្រៅ និងសកម្មឡើង លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ជាដើម។ ឯកឧត្តមសង្ឃឹមថា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នឹងបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ នៅខែតុលា ឆ្នាំ២០២៦នេះ។ ដំណើរទស្សនកិច្ចនេះ នឹងជាការបើកទំព័រថ្មីមួយទៀត ដែលនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅអាស៊ែបៃហ្សង់ កាលពីឆ្នាំ​២០១៤ កន្លងទៅ។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមតំណាងពិសេសរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក៏បានផ្លាស់ប្តូរទស្សនៈ​ជុំវិញការវិវត្តនៃសភាពការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ក៏ដូចជាស្ថានភាពព្រំដែននៃប្រទេសជិតខាង និងការការពារ​អធិបតេយ្យភាពជាតិ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា នៅចុងឆ្នាំ២០២៦នេះ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសន្និសីទ​ប្រធានសភាពិភពលោក (ISC) លើកទី២ ។ សម្តេចបានអញ្ជើញសភាប្រទេសអាស៊ែបៃហ្សង់ ចូលរួមសន្និសីទដ៏​មាន​សារៈសំខាន់នេះ។
សម្តេចប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តមប្រធានគណៈប្រតិភូ បានយល់ស្របគ្នាថា ការទូតសភាមានសារៈសំខាន់ណាស់ ជាស្ពានភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឈានឆ្ពោះទៅការពង្រឹងវិស័យនានា ទំាងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ថាមពល និងបច្ចេកវិទ្យា ជាដើម៕
ដោយ៖ហេង សម្បត្តិ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា