អូតាវ៉ា ៖ ការហោះហើរដំណើរការដោយថាមពលអ៊ីដ្រូសែន ដែលគ្រាន់ជាតែជាគំនិតច្នៃប្រឌិតក្នុងក្តីស្រមៃទៅថ្ងៃអនាគតនោះ ពេលនេះ វាបានក្លាយជាការពិតហើយ ក្រោយឧទ្ធម្ភាគចក្រដើរដោយថាមពលអ៊ីដ្រូសែន និងអគ្គិសនីដំបូងបង្អស់លើពិភពលោក បានបញ្ចប់ការហោះហើរសាកល្បងដោយជោគជ័យ ។
ឧទ្ធម្ភាគចក្រមានឈ្មោះថា Robison R44 ផលិតដោយក្រុមហ៊ុន Unither Bioélectronique ហៅកាត់ UB សហការជាមួយក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រ Robinson Helicopter Company បានជោគជ័យក្នុងការហោះហើរសាកល្បងនៅឯព្រលានយន្តហោះ Roland-Désourdy ក្នុងទីក្រុង Bromont រដ្ឋ Québec ប្រទេសកាណាដា ។
ការហោះហើរសាកល្បងដែលត្រូវបានធ្វើឡើងកាលពីខែមេសា ឆ្នាំ២០២៦ រួមមានការហោះឡើង ការហោះហើរតាមគន្លង ការបង្កើន និងបន្ថយល្បឿន ព្រមទាំងការចុះចត ដែលនេះជាផ្នែកមួយនៃគម្រោង Project Proticity ។
បើតាម Interesting engineering, គម្រោងប្រកបដោយមហិច្ឆតានេះ បង្កើតឡើងមានគោលបំណងគាំទ្រដល់បេសកកម្មថែទាំសុខភាព គ្រាអាសន្ន និងការដឹកភស្តុភារកម្មក្នុងតំបន់សំខាន់ៗ ដែលគ្មានការបំភាយឧស្ម័នពុល និងមានតែការបំភាយចំហាយទឹកប៉ុណ្ណោះ ។
ឧទ្ធម្ភាគចក្រ Robison R44 នេះ ថាមពលជាង ៩០% បានមកពីអ៊ីដ្រូសែនបំប្លែងជាអគ្គិសនី ចំណែកអាគុយជួយផ្គត់ផ្គង់ តែពេលត្រូវការបង្កើនកម្លាំងខ្លាំងប៉ុណ្ណោះ ។ វាមានសមត្ថភាពហោះហើរក្នុងចម្ងាយជាង ៣២០ គីឡូម៉ែត្រ និងអាចសំកាំងខ្លួនលើផ្ទៃមេឃក្នុងរយៈពេល ២ ម៉ោង ។
សម្រាប់គម្រោងនាពេលអនាគត ក្រុមអ្នកអភិវឌ្ឍកំពុងត្រៀមយកបច្ចេកវិទ្យានេះ ទៅបំពាក់លើឧទ្ធម្ភភាគចក្រម៉ូដែលធំជាងនេះ គឺ Robinson R66 និងប្តូរទៅប្រើប្រាស់ថាមពលអ៊ីដ្រូសែនរាវ (Liquid Hydrogen) ដើម្បីបង្កើនចម្ងាយហោះហើរបន្ថែម ។
បច្ចុបន្ន ពុំមានប្រភពណាមួយទម្លាយឱ្យដឹងអំពីតម្លៃឧទ្ធម្ភាគចក្រ ឬការចែកចាយលក់ជាផ្លូវការពេលណាទេ ខណៈដែល Robison R44 កំពុងស្ថិតក្រោមដំណើរការសាកល្បងនៅឡើយ ៕
ប្រភព ៖ Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា


























