បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិភាគ៖ អានុទីនកំពុងវាន់ករឿងព្រំដែនជាមួយកម្ពុជា ដែលអាចនឹងអូសបន្លាយពេលយូរ

វិភាគ៖ អានុទីនកំពុងវាន់ករឿងព្រំដែនជាមួយកម្ពុជា ដែលអាចនឹងអូសបន្លាយពេលយូរ

ដើម្បីស្រោចស្រង់ជីវិតនយោបាយរបស់ខ្លួន អានុទីន ឆានវីរៈគុល បានបញ្ឆេះភ្លើងជាតិនិយម ហើយលើកទ័ពមកឈ្លានពានកម្ពុជា រហូតដណ្តើមកាន់កាប់ទឹកដីកម្ពុជាជាច្រើនកន្លែង។ ទង្វើល្មើសច្បាប់នេះត្រូវបានពិភពលោកមើលឃើញកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីបន្លំភ្នែកអន្តរជាតិ រដ្ឋាភិបាលថៃបានព្យាយាមប្រើប្រាស់ «ល្បែងការទូតបន្លំភ្នែក» ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា។

យុទ្ធសាស្ត្រការទូតទន់ភ្លន់ដែលនាយករដ្ឋមន្រ្តីថៃ អានុទីន ឆានវីរគុល កំពុងព្យាយាមបង្ហាញទៅកាន់ពិភពលោក ជាពិសេសក្នុងពេលប្រជុំត្រីភាគីជាមួយសម្តេចធិបតីនៅហ្វីលីពីន គ្រាន់តែជាផ្សែងសម្រាប់បិទបាំងទង្វើខុសច្បាប់អន្តរជាតិរបស់កងទ័ពថៃ ដែលបានឈ្លានពានកម្ពុជា ហើយបច្ចុប្បន្នកំពុងកាន់កាប់ដីខ្មែរជាច្រើនតំបន់នៅតាមបន្ទាត់ព្រំដែន។

Advertisement

វិបត្តិសេដ្ឋកិច្ច និងចលាចលនយោបាយផ្ទៃក្នុងថៃ កំពុងឡើងកម្តៅខ្លាំង ជាពិសេសបន្ទាប់ពីការដោះលែងអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ការមានសេរីភាពវិញរបស់មហាសេដ្ឋីជំនួញរូបនេះ បានក្លាយជាសម្ពាធនយោបាយមួយទៀតសម្រាប់លោក អានុទីន ដែលកំពុងស្វះស្វែងរកទីផ្សារលក់ផលិតផលផង និងត្រូវប្រឹងរក្សាតុល្យភាពអំណាចនៅក្នុងរដ្ឋាភិបាលចម្រុះផង។

កម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ការវិវត្តនៃនយោបាយថៃ ដោយហេតុថា អ្នកនយោបាយនៃប្រទេសមួយនេះចូលចិត្តបង្វែរបញ្ហាមកព្រំដែនជាមួយកម្ពុជា ដើម្បីទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកជាតិនិយម។ ពេលនេះ អានុទីន កំពុងព្យាយាមសម្ដែងជាតួអង្គស្រឡាញ់សន្តិភាព និងចង់ស្តារទំនាក់ទំនងជាមួយកម្ពុជា ដើម្បីកុំឱ្យអន្តរជាតិដាក់គំនាប ខណៈកងទ័ពថៃនៅបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ ស្ថានភាពនេះបង្កើតជាសំនួរអំពីសុឆន្ទៈរបស់ថៃក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី។ អ្នកខ្លះយល់ថា អានុទីន កំពុងប្រើប្រាស់បញ្ហាព្រំដែនធ្វើជាចំណាប់ខ្មាំង ដើម្បីបម្រើឱ្យមហិច្ឆតានយោបាយផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

លោក អ៊ូ វីរៈ អ្នកវិភាគ និងជាអ្នកឃ្លាំមើលការវិវត្តសង្គម យល់ឃើញថា ក្នុងរយៈពេលជិត ២ ទសវត្សរ៍ចុងក្រោយនេះ ប្រព័ន្ធនយោបាយរបស់ប្រទេសថៃបានធ្លាក់ក្នុងសភាពច្របូកច្របល់យ៉ាងខ្លាំង ដោយសារតែអំណាចសម្រេចសេចក្ដីចុងក្រោយស្ថិតនៅក្រោមឥទ្ធិពលនៃរាជវាំង និងយោធា។ លោកបានសង្កត់ធ្ងន់ថា ភាពមិនច្បាស់លាស់នៃអំណាចនេះ គឺជាហានិភ័យដ៏គ្រោះថ្នាក់បំផុត ដែលមិនត្រឹមតែប៉ះពាល់ដល់ស្ថិរភាពនៃប្រទេសកម្ពុជាជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយាយីដល់វាសនាប្រជាពលរដ្ឋថៃខ្លួនឯងផងដែរ។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការវិភាគថា រដ្ឋាភិបាលរបស់លោក អានុទីន ឆានវីរគុល កំពុងប្រើប្រាស់យុទ្ធសាស្ត្រជាតិនិយមបែបយោធា ជាខែលដើម្បីពង្រឹង និងរក្សាមូលដ្ឋានអំណាចនយោបាយរបស់ខ្លួននៅក្នុងប្រទេសថៃ។ ការប្រកាន់ជំហររឹងត្អឹងនេះ គឺជាមូលហេតុចម្បងដែលធ្វើឱ្យវិវាទព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភាពជាប់គាំង មិនទាន់អាចរកច្រកចេញបាន។

លោក ឆាំង យុ យល់ឃើញថា រដ្ឋាភិបាលថៃប្រហែលជាចង់ដកទ័ពស្ងាត់ៗចេញពីកម្ពុជាដែរ ប៉ុន្តែខ្លាចមានការប្រឆាំងពីពួកជាតិនិយម។ ក្នុងស្ថានភាពនេះ លោកព្យាករណ៍ថា ការកាន់កាប់ព្រំដែនពីសំណាក់យោធាថៃអាចនឹងបន្តអូសបន្លាយយូរ លុះត្រាតែមានការធ្វើអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធឱ្យមានការចរចាដោយតម្លាភាព។ ប៉ុន្តែបើមើលតាមស្ថានភាពពិភពលោកបច្ចុប្បន្ន រឿងបែបនេះទំនងពិបាកកើតមាន។

លោក ថុង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី បង្ហាញទស្សនៈថា ថៃកំពុងមានសម្ពាធនយោបាយផ្ទៃក្នុងយ៉ាងខ្លាំង ដែលធ្វើឱ្យសារនយោបាយ និងគោលជំហររដ្ឋាភិបាលថៃមានភាពមិនស៊ីចង្វាក់គ្នា។ អ្នកជំនាញដដែលនេះ បានទាញទិដ្ឋភាពជាក់ស្តែងនៃការក្រឡាស់ជំហរត្រឡប់ត្រឡិនរបស់ថៃ ជុំវិញការដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នាជាមួយកម្ពុជា ដែលអាចជាសញ្ញាបង្ហាញពីការមិនឯកភាពផ្ទៃក្នុងរបស់ថៃ។

ក្នុងស្ថានភាពពេលនេះ កម្ពុជាគ្មានជម្រើសអ្វីប្រសើរជាងការអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់ ហើយទន្ទឹមនោះ ត្រូវប្រឹងពង្រឹងសេចដ្ឋកិច្ចជាតិ។ មានតែសេដ្ឋកិច្ចខ្លាំង ទើបវិស័យការពារជាតិ ទាល់តែវិស័យការពារជាតិខ្លាំង ទើបបច្ឆាមិត្តមិនហ៊ានរំលោភបំពាន៕ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា