ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សាកល ដោយ U.S. News & World Report។ របាយការណ៍ខាងលើនេះ បានវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានគ្រប់គ្រងបរិស្ថាបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ជាកិត្តិយសណាស់ចំពោះភាពជោគជ័យនេះ របស់ប្រជាជននិងប្រទេសកម្ពុជា លើវិស័យបរិស្ថាននិងធនធានធម្មជាតិ នៅលើឆាកអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ការចាត់ថ្នាក់កម្ពុជាជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អជាងគេបំផុតនៅលើពិភពលោក បានឆ្លុះបញ្ចាំងពីកត្តាស្នូលនៃការដឹកនាំការពារ និងរៀបចំគ្រឹះវិស័យបរិស្ថានបានយ៉ាងល្អប្រសើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផលការងារ និងកិត្យានុភាពទាំងនេះ គឺជាកេរមរតកដ៏មានតម្លៃ ដែលបន្តវេនមកដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១។ ជានិច្ចកាល សម្តេចតេជោតែងតែផ្តល់ការគាំទ្រ ដឹកនាំ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់ ក្នុងការជំរុញកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយបានបង្កើតសមិទ្ធផលថ្មីៗលើវិស័យបរិស្ថាននិងធនធានធម្មជាតិ។
ប្រទេសកម្ពូជា មានការគ្រប់គ្រងតំបន់ការពារធម្មជាតិរហូតដល់៧៣តំបន់ និងមានផ្ទៃដីជាង ៧លានហិកតា គឺប្រមាណ ៤១% នៃផ្ទៃដីប្រទេស ដែលជាកត្តាធ្វើឱ្យព្រៃឈើត្រូវបានការពារនិងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរឹងសម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។
ក្រសួងបរិស្ថានបានខិតខំប្រឹងប្រែងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងសហគមន៍តំបន់ការពារធម្មជាតិ និងដៃគូសហការជាតិ និងអន្តរជាតិ ដើម្បីការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ជាពិសេសតាមរយៈការពង្រីកបន្ថែមនូវការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។
ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងជំរុញការដាំស្តារព្រៃឈើ ក្នុងនោះក្រសួងបរិស្ថានបានជំរុញសកម្មភាពបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ យ៉ាងតិចចំនួន១លានដើម។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជួយស្តារព្រៃឈើ និងបង្កើនគម្របបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនសេដ្ឋកិច្ចសហគមន៍ ព្រមទាំងឆ្លើយតបនឹងគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕
ដោយ៖ង៉ាន់ ទិត្យ