កំពង់ធំ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ថាប័នជំនាញកំពុងបង្កើនការតាមដាន និងត្រួតពិនិត្យសុខភាពរបស់អ្នកដំណើរចេញ-ចូលប្រទេស យ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសចំពោះជើងហោះហើរដែលធ្វើដំណើរមកពីបណ្តាប្រទេស ឬតំបន់ដែលកំពុងមានការផ្ទុះឡើងនៃវីរុសអេបូឡា (Ebola)។
ទាក់ទងនឹងការផ្ទុះឡើងជាថ្មីនៃវីរុសអេបូឡា (Ebola)មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបាននិយាយថា វិធានការសន្តិសុខសុខភាពត្រូវបានបង្កើនឡើងទ្វេដងនៅគ្រប់ច្រកព្រំដែន ។ស្ថាប័នជំនាញកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើគ្រប់អ្នកដំណើរ ជាពិសេសអ្នកដែលធ្វើដំណើរមកពីតំបន់ផ្ទុះរីករាលដាលនៃវីរុសអេបូឡា។វិធានការរឹតបន្តឹងដ៏ម៉ឺងម៉ាត់នេះ ធ្វើឡើងក្នុងគោលបំណងបង្ការ និងទប់ស្កាត់រាល់ហានិភ័យនៃការនាំចូលជំងឺឆ្លងកាចសាហាវនេះមកក្នុងព្រះរាជាណាចក្រកម្ពុជា។
បើតាមលោក លី សុវណ្ណ ប្រធាននាយកដ្ឋានជាតិប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ទន្ទឹមនឹងការរឹតបន្តឹងនៅតាមច្រកទ្វារព្រំដែន អាជ្ញាធរសុខាភិបាលក៏បានរៀបចំ និងត្រៀមលក្ខណៈរួចជាស្រេចនូវទីតាំងយុទ្ធសាស្ត្រ និងបន្ទប់ចក្តាឡីស័ក សម្រាប់ដាក់ដាច់ដោយឡែកភ្លាមៗ ចំពោះបុគ្គល ឬអ្នកដំណើរទាំងឡាយណាដែលមានរោគសញ្ញាសង្ស័យ ដើម្បីធានាបាននូវការឆ្លើយតបផ្នែកវេជ្ជសាស្ត្រទាន់ពេលវេលានិងធានាសុវត្ថិភាពសុខភាពសាធារណៈជូនប្រជាពលរដ្ឋទូទាំងប្រទេស។អ្នកនាំពាក្យដដែលបន្ថែមថា កម្ពុជា មានលទ្ធភាពក្នុងការពិនិត្យវីរុសអេបូឡា នៅក្នុងមន្ទីរពិសោធន៍ដែលមានសុវត្ថិភាពកម្រិតខ្ពស់ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។
កាលពីថ្ងៃអាទិត្យទី១៧ ឧសភា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសាធារណៈអន្តរជាតិ ក្រោយពីមានការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានឆ្លងរាលដាលដល់ប្រទេសអ៊ូហ្គង់ដា ដែលបណ្ដាលឱ្យមានអ្នកឆ្លង និងស្លាប់ជាច្រើននាក់។
ទោះបីជាបច្ចុប្បន្នកម្ពុជានៅមិនទាន់រកឃើញករណីឆ្លងវីរុសអេបូឡានៅឡើយក្តី ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ថា បាននិងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានត្រៀមលក្ខណៈ និងវិធានការឆ្លើយតបបន្ទាន់រួចជាស្រេច។
ក្រសួងសុខាភិបាលបានផ្សព្វផ្សាយថា ជំងឺអេបូឡា គឺជាជំងឺឆ្លងកាចសាហាវបង្កដោយក្រុមវីរុសអេបូឡា ដែលត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩៧៦ ហើយវាមានអត្រាស្លាប់ខ្ពស់រហូតដល់ ៨០ ទៅ ៩០ ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេល។ វីរុសដែលបង្កគ្រោះថ្នាក់លើមនុស្សមាន ៤ប្រភេទ គឺប្រភេទអេបូឡា ស៊ូដង់ តៃហ្វ័ររេស និងប៊ុនឌីប៊ូហ្គីយូ។ បច្ចុប្បន្ន មិនទាន់មានឱសថជាក់លាក់សម្រាប់សម្លាប់វីរុសនេះទាំងស្រុងនោះទេ ពោលគឺមានតែការព្យាបាលគាំទ្រតាមរោគសញ្ញាប៉ុណ្ណោះ រីឯវ៉ាក់សាំងបង្ការគឺត្រូវបានប្រើប្រាស់កំណត់តែនៅក្នុងតំបន់ផ្ទុះជំងឺ ឬសម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់តែប៉ុណ្ណោះ។
ការចម្លងនៃវីរុសនេះ គឺកើតឡើងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺ ឬអ្នកស្លាប់ រួមទាំងការប៉ះពាល់របស់របរប្រើប្រាស់ដែលមានប្រឡាក់សារធាតុរាវ ដូចជា ឈាម ទឹកនោម លាមក ទឹកមាត់ ញើស កំអួត ទឹកដោះម្តាយ ទឹកភ្លោះ និងទឹកកាម។ ក្រៅពីនេះ ជំងឺនេះក៏អាចឆ្លងក្នុងករណីកម្រ តាមរយៈការប៉ះពាល់ជាមួយសត្វព្រៃដែលមានផ្ទុកវីរុស ដូចជា ប្រចៀវ ជ្រឹង ឈ្លូស ប្រើស និងស្វាជាដើម។ ចំពោះរោគសញ្ញាសម្គាល់នៃជំងឺនេះ រួមមាន ការអស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ រាក ក្អួត និងអាចមានការហូរឈាម ដោយរោគសញ្ញានឹងលេចឡើងក្នុងចន្លោះពី ២ ថ្ងៃ ដល់ ២១ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយវីរុស។
ដើម្បីបង្ការការឆ្លង ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយសារធាតុរាវរបស់អ្នកជំងឺ ឬសាកសពដែលសង្ស័យ ចៀសវាងប៉ះពាល់របស់របរប្រើប្រាស់រួម និងសត្វព្រៃដែលជាប្រភពមេរោគ៕
ដោយ៖ទួន សុផល





































