ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រធានាធិបតីសាធារណរដ្ឋបេណាំង មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅព្រះរាជាណាចក្រកម្ពុជា នាខែវិច្ឆិកាខាងមុខ ។

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រធានាធិបតីសាធារណរដ្ឋបេណាំង មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅព្រះរាជាណាចក្រកម្ពុជា នាខែវិច្ឆិកាខាងមុខ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានថា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំង ប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរ ចំពោះឯកឧត្តម ADJAGBA ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់បេណាំង ប្រចាំនៅកម្ពុជា។ សម្ដេចសង្ឃឹមថា បេសកកម្មរបស់ឯកឧត្តម នឹងញ៉ាំងទំនាក់ទំនង រវាងកម្ពុជា និងបេណាំង ឱ្យកាន់តែរីកចម្រើនបន្តទៀត ។

សម្ដេចតេជោ បានបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពដ៏រឹងមាំបន្ថែមទៀត សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបេណាំង ។ សម្ដេចតេជោ បានរំលឹកថា សម្តេច បានទៅទស្សនកិច្ចនៅប្រទេសមួយនេះ ក្នុងពេលដែលសម្ដេច នៅជារដ្ឋមន្ត្រីការបរទេស អំឡុងឆ្នាំ១៩៨៣ ដែលពេលនោះ កម្ពុជា ត្រូវបានរឹតត្បិតនៃការដាក់ទណ្ឌកម្មពីបរទេស តែប៉េណាំង នៅតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេច នាពេលនោះ ។

សម្ដេចតេជោ ក៏ឆ្លៀតឱកាសនេះអញ្ជើញប្រធានាធិបតីរបស់បេណាំង មកប្រទេសកម្ពុជា នៅពេលខាងមុខ នៅពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលប្រទេសនិយាយ ភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកាខាងមុខ ។ សម្ដេចសង្ឃឹមថា មេដឹកនាំរបស់បេណាំង នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយនៅពេលនោះ ជាឱកាស នៃការពង្រីកមិត្តភាព រវាងប្រទេសទាំងពីរ ឱ្យកាន់រឹងមាំបន្ថែមទៀត ។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម បានជួប ហើយប្រគល់សារតាំងនាពេលនេះ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងក្ដីរំភើបពេលបានលឺអំពីសាវតា និងអនុស្សាវរីយ៍ ដែលសម្ដេចតេជោ បានទៅដល់ប្រទេសបេណាំងតាំងពីអំឡុងឆ្នាំ១៩៨៣ ។ ឯកឧត្តម សមង្ឃឹមថា ក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រទេសនិយាយភាសាបារាំង នៅខែវិច្ឆិកាខាងមុខ មេដឹកនាំរបស់បេណាំង នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ





