ភ្នំពេញ៖លោកជំទាវ Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា បានបង្ហាញក្ដីរីករាយ ដែលបានធ្វើជាឯកអគ្គរដ្ឋទូត នៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ ព្រោះពីមុនមក ក្រិក មិនដែលតែងតាំងឯកអគ្គរដ្ឋទូតជាស្រី្ត ប្រចាំនៅកម្ពុជា ទេ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានថា ក្នុងឱកាសចូលជួបប្រគល់សារតាំងជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ Magadalini Nicolaou បានប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងក្នុងការពង្រីក នូវទំនាក់ទំនងរវាងកម្ពុជា និងក្រិក ឱ្យកាន់តែរីកចម្រើនបន្តទៀត ។
បើតាមឯកឧត្តម ជា ធីរិទ្ធ, លោកជំទាវ បានបន្តថា កម្ពុជា និងក្រិក មានប្រវត្តិនៃការកើតឡើងប្រហាក់ប្រហែលគ្នា ដែលជាប្រទេសមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា ហើយមានវប្បធម៌ មានអរិយធម៌ដ៏អស្ចារ្យដូចគ្នា ដែលជាចំណុចមួយដែលលោកជំទាវ ចាប់អារម្មណ៍ និងពង្រីកបន្ថែមទៀត នៅក្នុងពេលដែលលោកជំទាវ បំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ សូមអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទទួលថ្មីរបស់ក្រិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ហើយក៏ឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេស ទាក់ទងទៅនឹងប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា ។ សម្ដេចតេជោ ក៏ទទួលស្គាល់ថា ថ្វីត្បិតប្រទេសទាំងពីរ មានប្រវត្តិសាស្ត្រយូរអង្វែង មានអរិយធម៌វប្បធម៌សម្បូរបែបដូចគ្នា ក៏ពិតមិន ប៉ុន្តែក្រិក គេអាចចាត់ទុកថា ជាប្រទេសមួយដែលចំណាស់ជាងកម្ពុជា និងសម្បូរបែបនូវវប្បធម៌ ហើយជាប្រទេសដែលជាធ្លាប់មានអ្នកប្រាជ្ញច្រើន ។
តាមរយៈកិច្ចការរវាងកម្ពុជា និងក្រិក សម្ដេចតេជោ សង្ឃឹមថា វត្តមានរបស់លោកជំទាវនឹងជំរុញបន្ថែមទៀត នូវពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជា សក្កានុពលផ្សេងៗទៀត ដែលប្រទេសទាំងពីរ ត្រូវពង្រឹងជាមួយគ្នា និងធ្វើយ៉ាងណា ឱ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ ជាពិសេស សម្ដេចតេជោ សង្កត់ធ្ងន់ទៅលើការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ
ដោយ៖ វណ្ណលុក
រូបថត៖ វេង លីមហួត សួង ពិសិដ្ឋ


































