ភ្នំពេញ៖អ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បន្តសហការចូលរួម ការពារសត្វព្រៃ។ការសម្លាប់ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់។

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បន្តសហការចូលរួម ការពារសត្វព្រៃ។ការសម្លាប់ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់។
គួរជម្រាបថា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានពោធិ៍សាត់ បានទទួលព័ត៌មាន ស្តីពីករណីសត្វប្រើសញីមានផ្ទៃពោះ១ក្បាលទម្ងន់១១០ គីឡូក្រាមបានវង្វេងចូលមកក្នុងភូមិឋានរបស់ ប្រជាពលរដ្ឋនៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ ហើយត្រូវបានបុគ្គលមួយចំនួនព្រួតដៃគ្នាវាយនិង បង្អៅឆ្កែដេញបណ្តាលឱ្យសត្វព្រៃផ្អើលរត់បុករបងលួសមុតសាច់ និងត្រូវបានឆ្កែខាំរហូតដល់ស្លាប់ក្នុងចម្ការដំឡូងមី ។
ក្រុមការងារបានចូលរួមធ្វើពិធីបុណ្យឧទ្ទិសកុសល ចំពោះការបាត់បង់ប្រភេទសត្វកម្រ និងជំរុញឱ្យមានការយកចិត្តទុកដាក់ថែរក្សាអភិរក្សឱ្យបានខ្លាំងបន្ថែមទៀត។
ការអភិរក្សសត្វប្រើស នៅកម្ពុជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ជួយការពារព្រៃឈើ អភិរក្សជីវៈចម្រុះ និងជំរុញសក្ដានុពលទេសចរណ៍ធម្មជាតិ ដែលផ្តល់ផលប្រយោជន៍ទាំងបង្កើតចំណូលជូនសហគមន៍មូលដ្ឋាន និងលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការគ្រប់គ្រងបរិស្ថានបានល្អប្រសើរ។
សូមបញ្ជាក់ថា សត្វ “ប្រើស” ចូលចិត្តរស់នៅជាក្រុម ឬហ្វូង លាយឡំជាមួយសត្វចតុប្បាទព្រៃផ្សេងៗ តាមតំបន់ព្រៃនានានៅកម្ពុជា។មិនមានទិន្នន័យផ្លូវការណាមួយបញ្ជាក់ពីចំនួនសរុបពិតប្រាកដរបស់សត្វប្រើសនៅកម្ពុជានោះទេ ដោយសារតែពួកវាជាសត្វព្រៃរស់នៅពាសពេញផ្ទៃប្រទេស។ បច្ចុប្បន្នសត្វប្រើស មានចំនួនតិចណាស់ និងស្ថិតក្នុងស្ថានភាពងាយរងគ្រោះ នៅក្នុង បញ្ជីក្រហមរបស់អង្គការ IUCN (https://en.wikipedia.org/wiki/Sambar_deer)។
សត្វព្រៃជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា ការចូលរួមថែរក្សា ការពារនិងអភិរក្សឱ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
សូមជម្រាបថា ក្រមបរិស្ថាននិងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើជាផ្លូវការក្នុងឆ្នាំ ២០២៣ បទល្មើសពាក់ព័ន្ធនឹងការបរបាញ់សត្វព្រៃត្រូវបានកំណត់យ៉ាងច្បាស់លាស់ក្នុងផ្នែកទោសប្បញ្ញត្តិ។
ខាងក្រោមនេះគឺជាមាត្រាសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធនឹងការបរបាញ់សត្វព្រៃ៖
១. បទល្មើស និងទោសប្បញ្ញត្តិសំខាន់ៗ
មាត្រា ៨៤៩៖ ចែងអំពីបទល្មើសធនធានធម្មជាតិ ដែលរួមមានសកម្មភាពបរបាញ់ ឬការចាប់សត្វព្រៃដោយគ្មានការអនុញ្ញាត។
មាត្រា ៨៥០៖ កំណត់អំពី បទល្មើសធនធានធម្មជាតិថ្នាក់ទី ២ នៅក្នុងតំបន់ការពារធម្មជាតិ ដែលអាចរាប់បញ្ចូលទាំងសកម្មភាពបរបាញ់សត្វព្រៃកម្រ ឬការប្រើប្រាស់ឧបករណ៍ហាមឃាត់ ៕


ដោយ៖ង៉ាន់ ទិត្យ
