ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ ពីថ្ងៃទី៧ មករា ដល់ថ្ងៃទី៦ មេសា ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបើកកិច្ចប្រជុំចំនួន៤លើក និងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញចំនួន២លើក ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ពាក់ព័ន្ធនឹងច្បាប់សមុទ្រ វិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និង ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាមរបាយការណ៍ការងារដែលបានបង្ហាញជូនព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី៥ កាលពីថ្ងៃទីពុធ ទី២០ ខែឧសភា ក្រៅពីបំពេញការងារលើមុខងារនីតិកម្ម គណៈកម្មការនានារបស់ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័ន និងចុះតាមបណ្តារាជធានី ខេត្ត ចំនួន ១៦លើក ដើម្បីតាមដានមើលវឌ្ឍនភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ក្នុងការអនុវត្តមុខងារតំណាង ក្រុមសមាជិកព្រឹទ្ធសភាបានរៀបចំពិធីសំណេះសំណាលចំនួន៦៦លើក ជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានមណ្ឌលសុខភាព និងមេភូមិ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាក្នុងភូមិភាគទាំង៨ ដែលមានអ្នកចូលរួមសរុបចំនួនជាង ៨ពាន់នាក់។
បន្ថែមពីនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិការព្រឹទ្ធសភា បានចូលរួមតាមដានការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយចំនួន ៤១លើក ជូនវីរកងទ័ព គ្រួសារកងទ័ព ប្រជាជនភៀសសឹក ប្រជាពលរដ្ឋ និងអាជ្ញាធរថ្នាក់ក្រោមជាតិ។
រួមជាមួយគ្នានេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន១៨បណ្ដឹង ហើយបានបញ្ជូនទៅក្រសួង ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធចំនួន១២បណ្ដឹង កំពុងពិនិត្យសិក្សាចំនួន២បណ្ដឹង និងតម្កល់ទុកមិនចាត់ការចំនួន៤បណ្ដឹង។
ក្រៅពីបំពេញមុខងារទាំងបីរបស់ខ្លួន សកម្មភាពការទូតព្រឹទ្ធសភា បានបន្តបោះជំហានយ៉ាងសកម្ម ក្នុងនោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បានទទួលជួបសវនាការជាមួយភ្ញៀវអន្តរជាតិចំនួន២០លើក និងអញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិ និងកិច្ចប្រជុំសភាប្រើភាសាបារាំង (APF) ចំនួន៣លើក នៅប្រទេសបារ៉ែន សាធារណរដ្ឋម៉ុងតេ ណេហ្គោ និងកោះម៉ូរីស។
ក្នុងរបាយការណ៍ការងាររបស់ខ្លួន ព្រឹទ្ធសភាបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅជូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដី ហើយក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ និងតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ៕