បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី៖ សមិទ្ធផលអគារថ្មីនៃពន្ធដារ រួមចំណែកគាំទ្រ ដល់ការសម្រេចគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

សម្ដេចធិបតី៖ សមិទ្ធផលអគារថ្មីនៃពន្ធដារ រួមចំណែកគាំទ្រ ដល់ការសម្រេចគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុក សមិទ្ធផលអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយករដ្ឋានពន្ធដារ ជាការចូលរួមចំណែកគាំទ្រ ដល់ការសម្រេចបាន នូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។

Advertisement

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ឧសភា ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ ។ ការវិវត្តជាវិជ្ជមាននេះ តម្រូវឱ្យមានការពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងទំហំការងារ និងនិរន្តរភាពជាតិ ជាក់ស្តែងសមិទ្ធផលអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានសាងសង់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីអាចគាំទ្រដល់ការប្រមូលចំណូល ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ ។

អគារថ្មីទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ បានសាងសង់ឡើងជាផ្លូវការនៅអំឡុងឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់ជាផ្លូវការ ដោយជោគជ័យ នៅក្នុងឆ្នាំ២០២៥ ។ គម្រោងនេះ មានអគារការិយាល័យរដ្ឋបាលសរុបចំនួន ៣០ជាន់ ក្នុងនោះការិយាល័យសម្រាប់មន្រ្តីរាជការពន្ធដារបម្រើការងារ មានសរុបចំនួន ១៩ជាន់ និងអគារពាណិជ្ជកម្មចំនួន ៤ជាន់ ។ អគារទីស្នាក់ការនេះ មានចំណតយានយន្តដ៏ធំទូលាយចំនួន ៥ជាន់ ជាមួយការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចំណតយានយន្ត ។

អគារនេះ ត្រូវបានរៀបចំជា ២ផ្នែក គឺអគារខ្ពស់ និងអគារទាប ។ អគារខ្ពស់ ត្រូវបានរៀបចំជា «អគារការិយាល័យ» ។ អគារទាប ត្រូវបានរៀបចំជា «មជ្ឈលមណ្ឌលសន្និសីទ និងផ្សារទំនើប» ដើម្បីបម្រើដល់មុខងារសេវាសាធារណៈ ការជួបជុំ និងការផ្សព្វផ្សាយចំណេះដឹងអំពីប្រព័ន្ធពន្ធដារ និងសេវាកម្មនានា ដែលប្រទាក់ក្រឡាជាមួយការបង់ពន្ធ ។

អគារនេះ ត្រូវបានសាងសង់ដោយមានការផ្ចិតផ្ចង់គ្រប់ផ្នែករួមទាំងផ្នែកសំណង់ ផ្នែកបច្ចេកវិទ្យា និងផ្នែកវប្បធម៌ ដោយ៖ ១-ផ្នែកសំណង់ សាងសង់ឡើងដោយមានភាពរឹងមាំ និងទាន់សម័យអនុលោមតាមរាល់ច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារវិស្វកម្ម និងសំណង់ជាតិ និងអន្តរជាតិសំខាន់ៗក្នុងសំណង់។ ២-ផ្នែកបច្ចេកវិទ្យា ត្រូវបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធនានា ដែលមានលក្ខណៈទំនើប និងប្រកបដោយនវានុវត្តន៍ខ្ពស់។ ៣-ផ្នែកវប្បធម៌ មានការបញ្ចូលគ្នារវាងការរចនាបែបទំនើប និងស្នាដៃសិល្បៈខ្មែរមួយចំនួន ដែលរក្សាបាននូវអត្តសញ្ញាណវប្បធម៌ខ្មែរយ៉ាងស្រស់ស្អាត ។

ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកសមិទ្ធផលអគារនេះ ក៏ជាការចូលរួមចំណែកគាំទ្រដល់ការសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមរយៈ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពរដ្ឋបាលសាធារណៈ, ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈនិងចូលរួមគាំទ្រការកសាងរដ្ឋាភិបាលឌីជីថល (Digital Government), ការធ្វើទំនើបកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងការិយាល័យនៃរដ្ឋបាលសារពើពន្ធកម្ពុជាឱ្យមានលក្ខណៈ ស្ដង់ដារ ដូចប្រទេសអភិវឌ្ឍន៍មួយចំនួន និងគាំទ្រដល់ការលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ និងជានិមិត្តរូបនៃ ភាពរីកចម្រើន ជឿនលឿននៃរដ្ឋបាលសារពើពន្ធកម្ពុជា ក៏ដូចជាការរីកចម្រើន នៃប្រទេសកម្ពុជាទាំងមូល ។

សម្ដេចធីបតី បន្តថា មូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ កម្ពុជាសម្រេចបានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ និងជាក់ស្តែងអគារទីស្នាក់ការកណ្តាលថ្មីអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលកំពុងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការពេលនេះ គឺតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលជារបៀបវារៈអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ដោយសម្លឹងឆ្ពោះទៅសម្រេច “ចក្ខុវិស័យឆ្នាំ២០៥០” ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា