ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្លាយជាអង្គភាពប្រមូលចំណូល ជូនជាតិធំជាងគេនៅកម្ពុជា ក្នុងចំណោមអង្គភាព ប្រមូលចំណូលដទៃទៀត ដោយឆ្នាំ២០២៥ ចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ ចំនួន ៣៥៧៧ លានដុល្លារអាមេរិក មានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ឧសភា ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយករដ្ឋានពន្ធដារ ដែលបានខិតខំ និងកំពុងខិតខំ យកចិត្តទុកដាក់ប្រកបដោយស្មារតីបុរេសកម្មនៅក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយកែទម្រង់មុតស្រួច និងស៊ីជម្រៅ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល រហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមទិសស្លោកថា ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច ។
បន្ថែមលើនេះ សម្តេចធិបតី បានកត់សម្គាល់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងប្រែក្លាយជាស្ថាប័នដែលត្រូវបានជឿជាក់ និងត្រូវបានទទួលស្គាល់នូវជំនាញ និងការបំពេញភារកិច្ច និងមានភាពរីកចម្រើនជាបន្តបន្ទាប់ ។ សម្តេច ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំ និងសម្រេចបាន ដោយជោគជ័យបេសកកម្មប្រមូលចំណូលពន្ធដារជូនជាតិនាពេលកន្លងមកផងដែរ ។
សម្តេចធិបតី គូសបញ្ជាក់ថា គិតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ បានក្លាយជាអង្គភាពប្រមូលចំណូល ជូនជាតិធំជាងគេក្នុងប្រទេស ក្នុងចំណោមអង្គភាព ប្រមូលចំណូលដទៃទៀត ។ សម្ដេច ថា ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ចំណូលពន្ធដារ មានការកើនឡើង អនុញ្ញាតឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងទុកទុនបម្រុង សម្រាប់ប្រើប្រាស់ក្នុងការអនុវត្តវិធានការនានា ដើម្បីជម្នះបញ្ហាប្រឈម និងអាចសម្របខ្លួន ទៅនឹងសភាពការណ៍ក្នុងតំបន់ និងសកលលោក ដែលបានកើតឡើងជាបន្តបន្ទាប់ ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ចំណូលដែលត្រូវបានប្រមូលដោយ អគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យគត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ពោល គឺមានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ ។
តាមរយៈលទ្ធផលប្រមូលពន្ធបានល្អប្រសើរ រាជរដ្ឋាភិបាល មានលទ្ធភាពសន្សំនូវថវិកា ដើម្បីជាទុន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងគ្រប់កាលៈទេសៈលំបាកទាំងឡាយកន្លងមក រួមទាំងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល និងភាពមិនប្រាកដប្រជាខ្ពស់នៃវិបត្តិសកលនានាព្រមទាំងបានផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញបានយ៉ាងរហ័ស និងប្រកប ដោយភាពធន់ ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ថវិកាជាតិ បានចំនួនជាង ១៤ ៣៤៥ ប៊ីលានរៀល ឬប្រមាណជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក កើនឡើងជាង ៣ភាគរយ ឬប្រមាណ ១១២លានដុល្លារ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ៕