ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២២ ឧសភា ២០២៦ ។

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២២ ឧសភា ២០២៦ ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រព្រឹត្តទៅ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ រួមមាន ៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ។ ២-សេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ ។ ៣-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ។
១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ។ សេចក្តីព្រាងរបាយការណ៍នេះ បង្កើតឡើងក្នុងគោលបំណងដោះស្រាយ បញ្ហាជូនធុរជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
សូមជម្រាបថា ក្នុងឆ្នាំ២០២៥ កម្ពុជា បានបំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញគម្រោងវិនិយោគ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងសរុប ៦៣០គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ៤០% ធៀបនឹងឆ្នាំ២០២៤ និងអាចបង្កើតការងារបានប្រមាណ ៤៣៨ ពាន់កន្លែង ជូនប្រជាពលរដ្ឋ ។
២-សេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ ។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មាន បាវចនា ៥ គោលដៅយុទ្ធសាស្ត្រ ៥ និង អាទិភាពគន្លឹះ ៥ ។ បាវចនា ៥ រួមមាន ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព ។ គោលដៅយុទ្ធសាស្ត្រ ៥ រួមមាន៖ (១). ធានាឱ្យបានកំណើនសេដ្ឋកិច្ច (២). បង្កើតការងារឱ្យបានកាន់តែច្រើន (៣). សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ (៤). បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន (៥). ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា ។
៣-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ។ ច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៤ ក្នុងបំណងគ្រប់គ្រង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងធានាសុវត្ថិភាពចរាចរណ៍ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
គួររម្លឹកថា ច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានរាជរដ្ឋាភិបាល រៀបចំធ្វើវិសោធនកម្ម កែសម្រួលទម្ងន់ផ្ទុកទំនិញ បន្ថយបន្ទុកលើថវិកាជាតិ ដែលអន្តរក្រសួង បានបើកកិច្ចប្រជុំចុងក្រោយ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិភាក្សា ក្នុងគោលដៅធ្វើឲ្យប្រសើរឡើង ក្នុងការប្រើប្រាស់ផ្លូវថ្នល់ឲ្យមានគុណភាព ឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដើម្បីដំឡើងកម្រិតទម្ងន់ផ្ទុកអតិបរមា របស់យានយន្តចរាចរណ៍លើដងផ្លូវឲ្យដល់ ៤៥ តោន ។
យោងតាមមាត្រា ២៦ នៃច្បាប់ស្តីពីផ្លូវ ថ្នល់ ឆ្នាំ ២០១៤ រថយន្តដឹកទំនិញ ត្រូវកំណត់ទម្ងន់ផ្ទុកមិនឲ្យលើសពី ២៤តោនឡើយ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានសង្កត់ធ្ងន់ថា ច្បាប់ដែលបានកែសម្រួលនេះ ត្រូវតែមានតុល្យភាព រវាងអត្ថប្រយោជន៍សេដ្ឋកិច្ច ជាមួយនឹងភាពធន់ និងនិរន្តរភាពរយៈពេលវែង នៃហេដ្ឋារចនាសម្ព័ន្ធជាតិ។ ឯកឧត្តម បន្ថែមថា ច្បាប់នេះ ត្រូវការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ចៀសវាងការបង្កបន្ទុកហិរញ្ញវត្ថុហួសហេតុ ដល់ថវិកាជាតិ ឬប្រតិបត្តិករដឹកជញ្ជូន ៕
ដោយ៖វណ្ណលុក

















