អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ឧសភា បានចាត់ចែងផ្ទេរទណ្ឌិតជាយុវជនទំនើងចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ក្នុងខេត្តពោធិ៍សាត់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីទទួលការលត់ដំលើការងារកសិកម្ម និងសំណង់វិស្វកម្មសម្រាប់កងទ័ព។
គំនិតផ្តួចផ្តើមនេះធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ បានបញ្ជាឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំ និងបញ្ជូនទណ្ឌិតជាក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់កងទ័ពជួរមុខ ក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗ ដែលសមស្រប ដើម្បីជួយដល់កងទ័ព ក៏ដូចជាកងវិស្វកម្ម។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយ អគ្គនាយកដ្ឋានពន្ធនាគារពន្យល់ថា គោលបំណងចម្បងនៃការផ្ទេរទណ្ឌិតទាំងនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអប់រំកែប្រែ និងស្តារនីតិសម្បទា តាមរយៈការដាក់ឱ្យពួកគេចូលរួមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះធ្វើឡើងក្នុងគោលដៅកសាងសមត្ថភាព និងជំនាញពិតប្រាកដដល់ទណ្ឌិតសម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន និងសង្គមជាតិ ព្រមទាំងដើម្បីបណ្តុះស្មារតីស្រឡាញ់ជាតិមាតុភូមិផងដែរ។
































