មូលនិធិគន្ធបុប្ផាកម្ពុជាបានចេញសេចក្តីជូនដំណឹងដល់សប្បុរសជន និងសាធារណជនទាំងអស់អំពីការរៀបចំសារជាថ្មីនូវ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដែលនឹងប្រារព្វធ្វើពេញមួយខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នឹងផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញដឹកនាំ និងបើកយុទ្ធនាការមនុស្សធម៌នេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
“យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្រោមស្មារតី “ខ្មែរជួយខ្មែរ”។
គោលបំណងនៃកម្មវិធីនេះ គឺការរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
ក្នុងន័យនេះ, មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ ចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា។
ជាមួយគ្នានេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវដល់សិល្បករ សិល្បការិនី តារាសម្ដែង បុគ្គលមានប្រជាប្រិយ អង្គភាពសារព័ត៌មានជាតិ-អន្ដរជាតិ និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអំពីយុទ្ធនាការនេះ ឱ្យបានកាន់តែសកម្ម កាន់តែទូលំទូលាយ និងកាន់តែផុសផុលបន្ថែមទៀតផង។
ដើម្បីចូលរួមក្នុងយុទ្ធនាការ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់”, សប្បុរសជនអាចបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ ឬធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ : ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕