ក្នុងបាឋកថាស្តីពី «យន្តការផ្សះផ្សារដោយបង្ខំ៖ យុទ្ធសាស្រ្តដោះស្រាយវិវាទដែនសមុទ្រកម្ពុជា-ថៃ ដោយអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីនិតិសមុទ្រ និងអនុសញ្ញាទីក្រុងវីយែន» រៀបចំដោយរដ្ឋសភាជាតិ នាថ្ងៃទី២៥ឧសភា លោក អាន ប៉ាស្ទី អ្នកជំនាញច្បាប់អន្តរជាតិ និងភូមិសាស្ត្រនយោបាយ បានលើកឡើងពីផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ត្រ ក្នុងការឆ្លើយតបផ្នែកការទូតសម្រាប់កម្ពុជា ចំពោះការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ។
អ្នកការទូតអាជីពរូបនេះបានលើកឡើងពីវិធីសាស្រ្តចំនួន២ ៖ ទី១- ប្រើយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឲ្យកាន់តែសកម្ម និងទី២- ប្រើយុទ្ធសាស្ត្រការទូតសកម្ម និងការទូតបុរេសកម្មកាន់តែខ្លាំងឡើង ជាមួយដៃគូតំបន់ និងអន្តរជាតិ ព្រមទាំងបន្តអំពាវនាវយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃត្រូវតែគោរពតាមសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើវិធានច្បាប់ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក អាន ប៉ាស្ទី យល់ឃើញថា កម្ពុជាគួរតែបង្ហាញពិភពលោកថា ថៃនៅតែបន្តឈ្លានពានកម្ពុជាឥតឈប់ឈរ តួយ៉ាងគឺអស់រយៈពេល ៨០០ឆ្នាំកន្លងមកហើយ មិនមែនទើបតែពេលថ្មីៗនេះទេ។ លោកបានស្នើថា កម្ពុជាគួរគប្បីបង្កើនវិធានការការទូតឱ្យកាន់តែខ្លាំងក្លា តាមរយៈការកសាងសម្ព័ន្ធភាពជាមួយតួអង្គសំខាន់ៗនៅក្នុងតំបន់អាស៊ាន អឺរ៉ុប អាស៊ី និងគ្រប់ទ្វីបពាក់ព័ន្ធ និងការប្រើប្រាស់យន្តការអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិឱ្យជួយធ្វើជាសាក្សីកាន់តែទូលំទូលាយលើបញ្ហា។ ការធ្វើបែបនេះ គឺដើម្បីទទួលបានការគាំទ្រជារួមពីសហគមន៍អន្តរជាតិ ក្នុងន័យរួមគ្នាលើកស្ទួយសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងរួមគ្នាប្រឆាំងអំពើឈ្លានពានទាំងឡាយ ដែលរំលោភច្បាប់អន្តរជាតិ ។
លោកបន្តថា តាមរយៈការទទូចឱ្យមានការគោរពធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជារួមទាំងសហគមន៍អន្តរជាតិ អាចដាក់សម្ពាធជាបន្តបន្ទាប់លើប្រទេសថៃ ឱ្យចូលរួមដោះស្រាយវិវាទលើអធិបតេយ្យ ដោយសន្តិវិធី ដោយត្រូវចូលមកយន្តការ JBC កំណត់ព្រំដែនឲ្យបានដាច់ស្រេច និងស្នើឲ្យថៃឈប់យកលេសអូសបន្លាយពេល និងទិញពេលវេលាតទៀត ។
អ្នកជំនាញច្បាប់អន្តរជាតិដដែលបន្ថែមថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនេះមិនត្រឹមតែមានគោលបំណងការពារអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុចរិតភាពក្នុងការអនុវត្តច្បាប់ និងប្រកាន់យកនូវគោលការណ៍សណ្តាប់ធ្នាប់តំបន់ និងអន្តរជាតិ ដែលផ្អែកលើវិធានច្បាប់ ព្រមទាំងបង្កើតជាគំរូមួយសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមយន្តការនៃច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់កើតចេញពីកម្ពុជា៕
អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ