ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជាបានលើកឡើងថា បញ្ហាប្រែប្រួលអាកាសធាតុ មិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ ប៉ុន្តែជាបញ្ហាសន្តិសុខមនុស្សជាតិទាំងមូល ដែលទាមទារឱ្យមានការរួមគ្នាដោះស្រាយ ។ ប្រសិនបើមិនមានវិធានការជាក់ស្តែងទេ នោះពិភពលោក អាចប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ធ្ងន់ធ្ងរ ។
ថ្លែងក្នុងសន្និសីទសភាជាតិស្តីពី “អភិបាលកិច្ចអាកាសធាតុ” ដែលប្រារព្ធនៅវិមានរដ្ឋសភានាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ក្នុងនាមជាតំណាងរបស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យសំខាន់ៗរបស់កម្ពុជា ជាពិសេស វិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា បានថ្លែងដូច្នេះថា ការកើនឡើង នៃសីតុណ្ហភាពខ្ពស់ខ្លាំង ការធ្លាក់ភ្លៀងមិនទៀងទាត់ និងគ្រោះរាំងស្ងួតអូសបន្លាយ កំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំង ដល់កសិករកម្លាំងពលកម្ម និងសន្តិសុខស្បៀងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ គ្រោះទឹកជំនន់ ក៏បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់វាលទំនាបផងដែរ ។
បញ្ហាប្រែប្រួលអាកាសធាតុមិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ ប៉ុន្តែជាបញ្ហាសន្តិសុខមនុស្សជាតិទាំងមូលដែលទាមទារឱ្យមានការដោះស្រាយរួមគ្នា។ឯកឧត្តម អនុប្រធានទី១រដ្ឋសភា បានព្រមានថា ប្រសិនបើមិនមានវិធានការជាក់ស្តែងក្នុងការការពារ កាត់បន្ថយ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុទេ នោះពិភពលោក អាចប្រឈមមុខនឹងវិបត្តិ សេដ្ឋកិច្ចនិងមនុស្សធម៌ធ្ងន់ធ្ងរ ដែលអាចនាំទៅរកអស្ថិរភាពសង្គម និងនយោបាយផងដែរ ។
ឯកឧត្តម ជាម យៀប បន្តថា គ្មានប្រទេសណាមួយ អាចយកឈ្នះលើវិបត្តិអាកាសធាតុ ដោយខ្លួនឯងបានទេ ព្រោះការប្រែប្រួលអាកាសធាតុគ្មានព្រំដែន ។ ដូច្នេះប្រទេស ជាសមាជិកអាស៊ាន ត្រូវរួមគ្នាជាសម្លេង និងទិសដៅតែមួយ ដើម្បីការពារប្រជាជន និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ។ ក្នុងន័យនេះ ឯកឧត្តម បានលើកឡើងពីតួនាទី សំខាន់របស់អាយប៉ា (AIPA) ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមរយៈការសម្របសម្រួលផ្នែកច្បាប់ ការចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ល្អៗ ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តម អនុប្រធានទី១ រដ្ឋសភា ក៏បានអំពាវនាវឱ្យពង្រឹងអភិបាលកិច្ច តម្លាភាព និងការការពារសិទ្ធិ ដើម្បីធានាថា ផលប្រយោជន៍នៃការអភិវឌ្ឍបៃតង នឹងធ្លាក់ទៅដល់សហគមន៍មូលដ្ឋាន និងរួមចំណែកពិតប្រាកដ ក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ