បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតជប៉ុន និង UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន

ទូតជប៉ុន និង UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន

ធុងញែកសំណល់រឹងចំនួន ៣ ០០០ធុង ដែលជាជំនួយគាំទ្ររួមគ្នារបស់ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា ត្រូវបានផ្តល់ជូនមកក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

Advertisement

ការប្រគល់ធុងសំរាមទាំងនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោក Enrico Gaveglia ប្រធាន UNDP ប្រចាំកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូជាតិ និងអន្តរជាតិជាច្រើននាក់។

ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា ធុងសំរាមទាំងអស់នេះ ត្រូវប្រគល់ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប និងកន្លែងអាទិភាពផ្សេងៗជាបន្តទៀត ដើម្បីលើកកម្ពស់ឱ្យមានការកែច្នៃ និងបង្កើតតម្លៃសេដ្ឋកិច្ចពីសំរាម ដែលអាចកែច្នៃបានរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចការពារបរិស្ថាន ថែរក្សាសុខភាពសាធារណៈ និងកសាងកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាបានថ្លែងការកោតសរសើរ និងគាំទ្រយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកែលម្អសោភ័ណភាព និងការគ្រប់គ្រងសំរាម-សំណល់រឹង។ នៅពេលនេះ ជប៉ុនបានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូ និង UNDP ក្នុងការគាំទ្រដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តគម្រោងសំខាន់ៗ ជាពិសេសគម្រោងពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន។

ដូចគ្នាដែរ លោក Enrico Gaveglia ប្រធាន UNDP ប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការបន្តគាំទ្រដល់គម្រោងនៅកម្ពុជា ដើម្បីជំរុញដល់ប្រជាពលរដ្ឋ សាលារៀន និងមូលដ្ឋាននានា ឱ្យបង្កើនការទុកដាក់ និងគ្រប់គ្រងសំរាម-សំណល់រឹងឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ការបែងចែកសំរាម ជំរុញចលនាដើម្បីភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថាន បានបែងចែកសំភារៈគាំទ្រមួយចំនួន និងធុងសំរាមចំនួនជិត២ម៉ឺនធុង ជូនទៅសាលារៀន មណ្ឌលសុខភាព វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។ នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានមានផែនការបែងចែកសំភារៈគាំទ្រការគ្រប់គ្រងសំណល់រឹង និងធុងសំរាមន្ថែមទៀតនៅទូទាំងប្រទេស៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា