មណ្ឌលគិរី៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងអភិបាលខេត្តនិងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ។

មណ្ឌលគិរី៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងអភិបាលខេត្តនិងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ។
យោងតាមកម្មវិធីដែលបានផ្សព្វផ្សាយ ពិធីផ្លូវការនេះនឹងចាប់ផ្តើមចាប់ពីម៉ោង ៨ព្រឹកតទៅ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មកពីស្ថាប័នពាក់ព័ន្ធ។
រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថាឯកឧត្តម ថង សាវុន អភិបាលខេត្តចាស់ នឹងឡើងធ្វើសុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍ជូនគណៈអធិបតី។ បន្ទាប់មក លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នឹងឡើងអានព្រះរាជក្រឹត្យតែងតាំងអភិបាលខេត្តមណ្ឌលគិរីថ្មី។ ជាមួយគ្នានោញនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រគល់អនុក្រឹត្យតែងតាំង និងត្រាត្រួតពិនិត្យការងារជូនដល់ស្នងការនគរបាលខេត្តថ្មីផងដែរ។
គួររំលឹកថាយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរភារកិច្ចមកទទួលតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំនួសដោយ លោក គង់ គឹមនី អតីតអភិបាលរងខេត្តក្រចេះ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការចាស់ ត្រូវបានបញ្ចប់មុខតំណែង ហើយត្រូវជំនួសមកវិញ ដោយមន្ត្រីជាន់ខ្ពស់មួយរូបមកពីថ្នាក់ក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណា នៅក្នុងឯកសារកម្មវិធីផ្លូវការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី មិនទាន់បានបញ្ជាក់អត្តសញ្ញាណ និងឈ្មោះពិតប្រាកដរបស់ស្នងការនគរបាលខេត្តថ្មីនៅឡើយទេ ៕
ដោយ: ឡូង សំបូរ




