អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានប្រកាសនៅថ្ងៃពុធម្សិលមិញថា ក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីកាត់ទោសលើសំណុំរឿងព្រហ្មទណ្ឌដែលបានកើតឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ហេតុការណ៍នេះ បានប្រព្រឹត្តទៅនៅចំណុចអគារលេខមួយ ក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលបានបណ្តាលឱ្យនិស្សិតជនជាតិកូរ៉េខាងត្បូងឈ្មោះ PARK MINHO បាត់បង់ជីវិត។
ក្រោយពីបានឆ្លងកាត់ការដេញដោលយ៉ាងដិតដល់ ការពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់រួចមក តុលាការបានរកឃើញពិរុទ្ធភាពគ្រប់គ្រាន់ និងបានប្រកាសសាលក្រមព្រហ្មទណ្ឌ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយសម្រេចដាក់ពន្ធនាគារអស់មួយជីវិតលើជនជាប់ចោទ ដែលជាជនជាតិចិនចំនួន ៦ នាក់។
ជនជាប់ចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង» ដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។ ជាងនេះទៅទៀត តុលាការក៏បានសម្រេចរឹបអូសវត្ថុតាងទាំងអស់ ដែលត្រូវបានចាប់យក និងមានការពាក់ព័ន្ធនឹងបទល្មើសខាងលើនេះផងដែរ។
ឃាតកម្មដ៏សាហាវព្រៃផ្សៃលើនិស្សិតកូរ៉េនេះបាននាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េ ហើយវាក៏បានប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ ការដាក់ទោសដ៏ធ្ងន់ធ្ងរបំផុតនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់យុត្តិធម៌ជូនជនរងគ្រោះនិងក្រុមគ្រួសារ និងការមិនអត់អោនដល់ឧក្រិដ្ឋជនពាក់ព័ន្ធនឹងការឆបោកតាមបច្ចេកវិទ្យា។
































