បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការទូតកម្ពុជា-ថៃបន្តជួបពិភាក្សាគ្នាពីបញ្ហាព្រំដែន

ប្រមុខការទូតកម្ពុជា-ថៃបន្តជួបពិភាក្សាគ្នាពីបញ្ហាព្រំដែន

ក្នុងឱកាសចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានជួបពិភាក្សាការងារជាមួយលោក សីហៈសក្ដិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ។
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរទេសកម្ពុជា ជំនួបនេះ ធ្វើឡើងដើម្បីអនុវត្តតាមស្មារតីនៃកិច្ចប្រជុំត្រីភាគី កម្ពុជា-ថៃ-ហ្វីលីពីន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ដែលប្រមុខដឹកនាំបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរស្វែងរកវិធានការកសាងទំនុកចិត្ត និងផ្លូវដើរទៅមុខរួមគ្នា។
 
ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាដោយត្រង់ និងបើកចំហអំពីស្ថានភាពព្រំដែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ឡើងវិញពីជំហរច្បាស់លាស់របស់កម្ពុជាទាក់ទងនឹងការសម្រេចផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)។ ជាមួយគ្នានេះ កម្ពុជាស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ មានប្រសិទ្ធភាព ដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈ នូវរាល់ខ្លឹមសារនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
 
ប្រមុខការទូតកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយភាគីថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា នៅកោះសេប៊ូ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ និងស្វែងរកដំណោះស្រាយព្រំដែនមួយ​ប្រកបដោយយុត្តិធម៌ និងយូរអង្វែង។
 
យោងតាមក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន​ក្នុងការរក្សាការទាក់ទងគ្នាជិតស្និទ និងទៀងទាត់។
 
ដោយឡែក លោក សីហៈសក្ដិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ត្រូវបានកាសែតថៃដកស្រង់សម្តីមកផ្សាយថា លោកស្វាគមន៍ចំពោះស្មារតីកិច្ចសហប្រតិបត្តិការរបស់កម្ពុជា។ លោកបានលើកឡើងថា ភាគីថៃក៏បានត្រៀមខ្លួនជានិច្ចក្នុងការពិនិត្យ និងពិភាក្សាបន្ថែមលើគ្រប់យន្តការច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា UNCLOS ក្នុងស្មារតីអ្នកជិតខាងល្អ។​
 
សូមបញ្ជាក់ថា ជម្លោះព្រំដែនត្រូវបានរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរលើកទៅជម្រាបដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដោយភាគីកម្ពុជាសម្តែង​ក្តីព្រួយបារម្ភ​ចំពោះ​ស្ថាន​ភាព​នៅតំបន់​មួយ​ចំនួន​ដែល​ត្រូវ​កងទ័ពថៃ​កាន់កាប់ចូល​ជ្រៅ​​ក្នុងដែនអធិបតេយ្យ​របស់​ខ្លួន។ រីឯភាគីថៃវិញប្រកាសថា ខ្លួនគ្មានបំណងចង់បានទឹកដីប្រទេសណាមួយឡើយ ខណៈដែលការប្រព្រឹត្តិជាក់ស្តែងរបស់ថៃ គឺមិនដូចការនិយាយសោះឡើយ៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា