ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានប្រកាសថា គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែន គឺសម្រេចបានប្រមាណជិត ៩៦% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និងខេត្តរតនគិរី សម្រេចបានជិត ៩១,៥%។
ក្នុងរយៈពេលប្រមាណ ១៧ ខែ កន្លងមកនេះ ក្រុមការងារបានកសាងតួផ្លូវប្រវែង ២៥៣ គីឡូម៉ែត, ក្នុងនោះបានចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៤៣ គីឡូម៉ែត្រ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀតដូចជា ស្ពាន លូ ប្រឡាយជាដើម។
ប្រវែងផ្លូវដែលត្រូវសាងសង់បានកើនដល់ ២៦៤,៤ គីឡូម៉ែត្រ គឺលើសប្រវែងផ្លូវដែលបានគ្រោងទុកក្នុងផែនការដែលមានត្រឹមតែ ២៥០ គីឡូម៉ែត្រ។ ការកើនឡើងនៃប្រវែងផ្លូវនេះ គឺដោយសារតែស្ថានភាពភូមិសាស្ត្រ ដែលត្រូវកសាងផ្លូវលើដីជាក់ស្តែងត្រូវបានកែសម្រួល។ ទន្ទឹមនឹងនោះ, ផ្ទៃដីដែលត្រូវរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញា ក៏បានកើន ឡើងពីផ្ទៃដីទំហំ ៦លាន ២សែន ៥ម៉ឺន ម៉ែត្រការ៉េ ក្នុងផែនការគ្រោងទុក ទៅដល់ផ្ទៃដីទំហំជាង ៦លាន ៦សែន ម៉ែត្រការ៉េផងដែរ។
ដើម្បីអនុវត្តការងារនេះ ក្រុមការងារចំពោះកិច្ចបានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព និងខេត្តរតនគិរី មាន ៣ កងឯកភាព។
ចំពោះមុខនេះ ក្រុមការងារបន្តយកចិត្តទុកដាក់លើការងារថែទាំបច្ចេកទេស ខ្សែផ្លូវក្នុងទិសខេត្តមណ្ឌលគិរី ដែលបានស្ថាបនារួចរាល់ ដើម្បីធានាគុណភាពរឹងមាំ និងបង្កាការខូចខាត ជាយថាហេតុនៅក្នុងរដូវវស្សាខាងមុខ, និងបន្តជំរុញល្បឿនការងារសេសសល់នៅទិសខេត្តរតនគិរី ឱ្យបានលឿនមុនរដូវវស្សាមកដល់ ព្រោះមានភ្លៀងធ្លាក់ខ្លាំងជួបការលំបាកក្នុងការដឹកជញ្ជូន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅខែសីហា ឆ្នាំ២០២៤ ដើម្បីកៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ ប្រជាជនជាង៧០ម៉ឺននាក់បានចូលរួមបរិចាកថវិកាសរុប២៧លានដុល្លារក្នុងមូលនិធិនេះ។ គំនិតផ្តួចផ្តើមបង្កើតមូលនិធិនេះធ្វើឡើង បន្ទាប់ពីកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ ជាមួយឡាវ និងវៀតណាមតាមការទាមទាររបស់ប្រជាពលរដ្ឋ ហើយងាកមកអភិវឌ្ឍតំបន់នេះដោយខ្លួនឯងវិញ៕