បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោរម្លឹកថា សន្តិភាពនៅកម្ពុជាមិនមែនបានមកដោយស្រួលៗនោះទេ

សម្តេចតេជោរម្លឹកថា សន្តិភាពនៅកម្ពុជាមិនមែនបានមកដោយស្រួលៗនោះទេ

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា សុខសន្តិភាព និងស្ថិរភាព ដែលកម្ពុជាមាននៅពេលបច្ចុប្បន្ន មិនមែនកើតឡើងដោយងាយស្រួលនោះទេ ប៉ុន្តែវាជាសមិទ្ធិផលនៃការរួបរួម ការលះបង់ និងការខិតខំថែរក្សាជាប្រចាំពីប្រជាជាតិទាំងមូល។ ការលើកឡើងបែបនេះ ធ្វើឡើងស្របពេលដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំយុទ្ធនាការ «ដាស់ស្មារតីជាតិ» ដើម្បីបំផុសស្មារតីស្នេហាជាតិ និងថែរក្សាសន្តិភាព។

Advertisement

លើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ​បានលើកឡើងថា ការចូលរួមក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» រៀបចំដោយ ស.ស.យ.ក គឺជាការបង្ហាញនូវការចងចាំបទពិសោធ និងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។

សម្តេចតេយោយល់ឃើញថា យុទ្ធនាការនេះក៏ជាឱកាសដ៏មានសារៈសំខាន់ក្នុងការបង្ហាញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព តាមរយៈបទពិសោធ និងទិដ្ឋភាពជាក់ស្តែង ដែលបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពរបស់ប្រទេស មិនមែនកើតឡើងដោយងាយស្រួលនោះទេ ប៉ុន្តែទាមទារឱ្យមានការរួបរួម ការលះបង់ និងការខិតខំថែរក្សាជាប្រចាំពីប្រជាជាតិទាំងមូល។

យោងតាមសម្តេចតេជោ តាមរយៈយុទ្ធនាការ «ស្មារតីជាតិ» នេះ ក៏បាន​បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងការត្រៀមខ្លួន។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ គឺជាមេរៀនដ៏មានតម្លៃ ដែលជំរុញឱ្យប្រជាជនខ្មែរគ្រប់រូបបន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ ។

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្សព្វផ្សាយឡើងវិញនូវវីដេអូឯកសារមួយ ដែលជាសង្កថាដើមទាំង​ស្រុងរបស់សម្ដេច​ ថ្លែងក្នុងដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះឈ្នះ ពេលកំពុងធ្វើសមាហរណកម្មនៅរណសិរ្ស ២៥០ កំរៀង ភ្នំព្រឹក កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩៦។ នៅថ្ងៃនោះ មេដឹកនាំខ្មែរក្រហមបានដឹកនាំការផ្តាច់ខ្លួនរបស់កម្លាំងខ្មែរក្រហមនៅស្រុកកំរៀង ភ្នំព្រឹក្ស និងសំពៅលូន ចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកជាដំណាក់កាលមួយដ៏សំខាន់នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានពន្លត់ភ្លើងសង្គ្រាមស៊ីវិល និងនាំមកនូវសន្តិភាព និងការឯកភាពទឹកដីពេញលេញនៅកម្ពុជា។ ​

នៅក្នុងវីដេអូជិត១ម៉ោងនេះ សម្តេចបានរម្លឹក និងកោតសរសើរដល់ទង្វើស្នេហាជាតិរបស់កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងចលនាបង្រួបបង្រួមជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល។ សម្តេចតេជោ បានដាស់តឿនថា គ្មានជនបរទេសណាដែលស្រឡាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះទេ គឺមានតែខ្មែរទេដែលត្រូវជួយខ្មែរ។ អភិក្រមនេះហើយដែលនាំឱ្យសម្តេចស្វែងរកឃើញនូវដំណោះស្រាយនយោបាយឈ្នះឈ្នះ សម្រាប់ជាតិខ្មែរទាំងមូលរហូតមកដល់សព្វថ្ងៃ។

នៅក្នុងវីដេអូនេះ សម្តេចក៏បានរម្លឹកពីការខិតខំកសាងទំនាក់ទំនងល្អជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមករវាងប្រទេសជិតខាង ព្រមទាំងបានលើកឡើងពីការការពារទឹកដី ដោយគោរពតាមផែនទីសម័យបារាំងឆ្នាំ ១៩០៧ ដោយកម្ពុជាមិនចង់យកថៃជាសត្រូវនោះឡើយ។ ប៉ុន្តែពេលនេះ ទោះចង់ ឬមិនចង់ ថៃបានប្រែក្លាយមិត្តភាពទៅជាសត្រូវ ដោយលើកទ័ពមកឈ្លានពានទឹកដីកម្ពុជា។ ​ដូច្នេះលើសពីការការពារសន្តិភាព ពេលនេះប្រជាជនកម្ពុជាបានរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ដើម្បីការពារទឹកដី និងកម្ចាត់សត្រូវឈ្លានពាន៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា