បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលជំរុញវិស័យ TVET ដើម្បីសម្រេចគោលនយោបាល«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»

រដ្ឋាភិបាលជំរុញវិស័យ TVET ដើម្បីសម្រេចគោលនយោបាល«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរមួយ ណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់វិស័យ TVET ដើម្បីសម្រេចបាននូវគោលនយោបាយ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

Advertisement

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងវិស័យឯកជន ឱ្យបានយល់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ហៅកាត់ថា ធីវេត (TVET)។

ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យក មនុស្ស ជាអាទិភាពគន្លឹះទី១ ពោលគឺជាការ​កសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ តាមទិសស្លោក «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

​នៅក្នុងសារាចរមួយចុះថ្ងៃទី២៨ឧសភា ប្រមុខរាជរដ្ឋាភិបាលបានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុករៀបចំទិវាជាតិនេះ និងត្រូវផលិតជាវីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។

​រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធនានា ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមសហការគាំទ្រ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥សែននាក់ ដោយធ្វើយ៉ាងណាជំរុញយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះ កាន់តែច្រើនឡើង។

សម្រាប់វិស័យឯកជន ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ត្រូវបើកឱកាសឱ្យសិស្ស និស្សិត បានចុះហាត់ការ និងធ្វើកម្មសិក្សាជាក់ស្តែង ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត ដែលនេះក៏ជាឱកាសល្អក្នុងការជ្រើសរើសបុគ្គលិកយល់ការងារស្រាប់មកបម្រើការងារផងដែរ។

ជាមួយគ្នានេះ អាណាព្យាបាល មាតាបិតា ត្រូវបានស្នើឱ្យជួយជំរុញ និងលើកទឹកចិត្តកូនៗ ឬយុវជនឱ្យមកចុះឈ្មោះរៀនជំនាញក្នុងកម្មវិធី ១,៥ លាននាក់  ស្របតាមអភិក្រមរបស់សម្តេចធិបតីគឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។ ចំពោះអតីតពលករវិលត្រឡប់ពីប្រទេសថៃ ដែលចង់ស្វែងរកការសិក្សាជំនាញ ឬធ្វើតេស្តវាយតម្លៃសមត្ថភាព អាចទំនាក់ទំនងមកក្រសួងការងារតាមរយៈប្រព័ន្ធឆ្លើយតបបន្ទាន់លេខ ១២៩៧។

រាជរដ្ឋាភិបាលក៏បានស្នើដល់សាធារណជន រួមគ្នាផ្សព្វផ្សាយ និងចូលរួមអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ នេះ ឱ្យកាន់តែផុសផុលនៅទូទាំងប្រទេសផងដែរ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា