បេក្ខជនចំនួន ១ ៩០២នាក់ បានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខណៈចំនួននៃការជ្រើសរើសគឺមានតែចំនួន៤០កន្លែងប៉ុណ្ណោះ សម្រាប់២៣មុខជំនាញ។

បេក្ខជនចំនួន ១ ៩០២នាក់ បានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខណៈចំនួននៃការជ្រើសរើសគឺមានតែចំនួន៤០កន្លែងប៉ុណ្ណោះ សម្រាប់២៣មុខជំនាញ។

ការប្រឡងបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប។

ដំណើការប្រឡងក៏មានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ជាច្រើនរូប។
ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា នេះការប្រឡងលើកទី១ជ្រើសរើសមន្រ្តីសម្រាប់បំពេញក្របខណ្ឌនៅក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ការប្រឡងនេះត្រូបែងចែកចេញជាពីរដំណាក់កាល ទី១គឺវិញ្ញាសារសរសេរ ហើយបន្ទាប់មកធ្វើការសម្ភាសន៍សម្រាប់អ្នកជាប់លើវិញ្ញាសារសរសេរ ដើម្បីសម្រាំងយកមន្រ្តី ដែលមានសមត្ថភាពជួយលើការងារព្រំដែន ។

ត្រង់ចំណុចនេះ ឯកឧត្តម អ៊ិត សុត្ថា គូសបញ្ជាក់ថា ការជ្រើសរើសមន្រ្តីមានសមត្ថភាពគឺជាការសំខាន់ណាស់ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជាមានការងារធ្ងន់ត្រូវធ្វើជាមួយប្រទេសជិតខាង។ ឯកឧត្តមបន្ថែមថា តាមរយៈការរៀបចំការប្រឡងដោយក្រសួងមុខងារសារធារណៈ វិញ្ញាសារត្រូវបានរៀបចំភ្លាមនៅពេលព្រឹក ក្នុងថ្ងៃជាមួយគ្នានឹងការប្រឡង ដែលជាប្រការល្អក្នុងការធានាការសម្ងាត់នៃវិញ្ញាសា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា វិញ្ញាសាប្រឡងនាពេលនេះ គឺទើបតែបានតាក់តែងនៅព្រឹកមិញថ្ងៃប្រឡងតែម្តង ហើយរាល់សន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់ គ្រប់ទំព័រ គឺមានហត្ថលេខា និងឈ្មោះរបស់ឯកឧត្តម ព្រមទាំងមានកាលបរិច្ឆេទប្រឡងផងដែរ។

គួរបញ្ជាក់ថា បេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ រួមមាន៖ វិញ្ញាសាសរសេរជំនាញ, វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅអង់គ្លេស និងវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។ សាស្ត្រាចារ្យ ព្រមទាំងថ្នាក់ដឹកនាំមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៧២រូប ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងជាអនុគណៈកម្មការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងនេះ៕
អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា




