ថ្វីដ្បិតតែកិច្ចការប្រឹងប្រែងក្នុងការការពារ និងថែរក្សាជីវៈចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ជាប្រចាំក្តី ប៉ុន្តែមន្ត្រីជំនាញនៅតែបង្ហាញក្តីបារម្ភចំពោះសកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃដែលនៅតែបន្តកើតមាននៅក្នុងតំបន់អង្គរ។
កង្វល់នេះត្រូវបានលើកឡើងស្របពេលដែលអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) ស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌ បានរួមគ្នាដោះលែងសត្វប្រមាចំនួន ២ក្បាល ចូលទៅក្នុងព្រៃធម្មជាតិនៃតំបន់អង្គរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។
លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានទទូចដល់សហគមន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អង្គរ ឱ្យរួមគ្នាការពារសត្វព្រៃ និងបញ្ឈប់រាល់សកម្មភាពលួចដាក់អន្ទាក់ ឬបរបាញ់ទាំងស្រុង។ លោកបានគូសបញ្ជាក់ថា វត្តមានរបស់សត្វព្រៃមានសារសំខាន់ខ្លាំងណាស់ក្នុងការលើកតម្លៃសម្បត្តិបេតិកភណ្ឌធម្មជាតិ ពោលគឺនៅពេលដែលភ្ញៀវទេសចរមកទស្សនាអង្គរ ពួកគេមិនត្រឹមតែបានឃើញប្រាសាទបុរាណដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទស្សនាសត្វព្រៃដែលរស់នៅតាមបែបធម្មជាតិ ដែលបង្ហាញពីភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ីនៅទីនោះ។
ទន្ទឹមនឹងនេះ លោក Nick Marx អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា និងជាទីប្រឹក្សាផ្នែកជីវៈចម្រុះរបស់អាជ្ញាធរជាតិអប្សរា បានពន្យល់ថា សត្វព្រៃមានតួនាទីជាអ្នកនាំគ្រាប់ពូជឈើនានាឱ្យដុះពាសពេញព្រៃ ដែលជួយបង្កើតឱ្យមានធម្មជាតិបៃតងដ៏ស្រស់បំព្រង និងមានភាពទាក់ទាញកាន់តែខ្លាំងសម្រាប់វិស័យទេសចរណ៍។


































