នៅលើបណ្តាញសង្គមផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកនេះ បានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថៃមួយចំនួន ដែលអះអាងថា សម្តេចបានចូលសិក្សានៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតាដែលផ្តល់ឱ្យកងទ័ពថៃ។

នៅលើបណ្តាញសង្គមផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកនេះ បានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថៃមួយចំនួន ដែលអះអាងថា សម្តេចបានចូលសិក្សានៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតាដែលផ្តល់ឱ្យកងទ័ពថៃ។
ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះសាររំលឹកខួប ២៧ ឆ្នាំ នៃការបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩ ហើយត្រូវបានពលរដ្ឋថៃមួយចំនួនចូលទៅបញ្ចេញមតិបែបមូលបង្កាច់ដូចខាងលើ។
សម្តេចធិបតីបានគូសបញ្ជាក់ថា មានការបញ្ចេញមតិបែបនេះជាច្រើនលើករួចមកហើយ ដែលសម្តេចមិនដែលឆ្លើយតប ព្រោះមិនចង់យកបញ្ហានេះមកបកស្រាយនាំឲ្យវែងឆ្ងាយដោយមិនចាំបាច់។ ទោះជាយ៉ាងណា ពេលនេះ សម្តេចបានសម្រេចបំភ្លឺជាសាធារណៈ ដើម្បីបញ្ចប់ការយល់ខុសនេះតទៅទៀត។
សម្តេចបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ដល់ប្រទេសនានាដោយផ្ទាល់ ហើយមិនចាំបាច់ប្រើកូតារបស់ប្រទេសមួយ ដើម្បីផ្តល់ឱ្យបេក្ខជនពីប្រទេសមួយទៀតនោះទេ។ ជាមួយគ្នានេះ ប្រទេសដែលទទួលបានកូតាសម្រាប់បញ្ជូនសិក្ខាកាមទៅសិក្សានៅ West Point ក៏មិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅឱ្យប្រទេសផ្សេងឡើយ ដោយសហរដ្ឋអាមេរិកជាអ្នកសម្រេចលើការបែងចែកកូតាទាំងនោះ។
សម្តេចធិបតីបានលើកឡើងទៀតថា សញ្ញាបត្ររបស់សម្តេចពីសាលា West Point បញ្ជាក់យ៉ាងច្បាស់ថា សម្តេចជានិស្សិតយោធាមកពីប្រទេសកម្ពុជា មិនមែនមកពីប្រទេសណាផ្សេងនោះទេ។ បន្ថែមពីនេះ សម្តេចបានពន្យល់ថា បេក្ខជននិស្សិតយោធាបរទេសដែលចង់ចូលរៀននៅ West Point ត្រូវតែទទួលបានការធានាពីក្រសួងការពារជាតិនៃប្រទេសខ្លួន និងការគាំទ្រពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសនោះ។
សម្រាប់សម្តេចផ្ទាល់ នៅឆ្នាំ១៩៩៥ សម្តេចបានទទួលការធានាពីក្រសួងការពារជាតិកម្ពុជា និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា មិនមែនពីភាគីថៃឡើយ។ សម្តេចបញ្ជាក់ច្បាស់ៗថា កូតាដែលបានអនុញ្ញាតឱ្យសម្តេចទៅសិក្សានៅ West Point គឺជាកូតាដែលសហរដ្ឋអាមេរិកផ្តល់ឱ្យកម្ពុជាដោយផ្ទាល់ មិនមែនជាកូតាឲ្យទៅថៃដូចការអះអាងនោះទេ។
សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យអ្នកដែលនៅមានការសង្ស័យ អាចទៅស្វែងរកការបញ្ជាក់ពីក្រសួងការពារជាតិថៃ ឬស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ឬពីសាលាបណ្ឌិតសភាយោធា West Point ដោយផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន។
សម្តេចធិបតីសង្ឃឹមថា ការបញ្ជាក់នេះនឹងជួយបញ្ចប់ការយល់ច្រឡំក្នុងចំណោមពលរដ្ឋថៃ៕

