បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សាយ សំអាល់ ៖ កំពង់ចាម ជាខេត្តទី១ សម្រេចបានផែនទីព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ ត្រឹមត្រូវ ច្បាស់លាស់

ឯកឧត្តម សាយ សំអាល់ ៖ កំពង់ចាម ជាខេត្តទី១ សម្រេចបានផែនទីព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ ត្រឹមត្រូវ ច្បាស់លាស់

កំពង់ចាម ៖ របត់ថ្មីមួយទៀតសម្រាប់កម្ពុជា កើតមានឡើងនៅខេត្តកំពង់ចាម ដែលសម្រេចបាននូវការកំណត់ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ និងជាក់លាក់ ។ ផ្តើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាល និងផែនទី នៃការប្រើប្រាស់ដីនេះ រដ្ឋបាលខេត្ត និងឃុំ សង្កាត់ អាចដាក់ចេញនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវ កំណត់បាននូវសក្តានុពលរបស់ខេត្ត ដើម្បីរៀបចំរបៀងសេដ្ឋកិច្ចតភ្ជាប់ពីភូមិភាគឦសានទៅតំបន់ឆ្នេរ ។

Advertisement

ក្នុងពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយមានការចូលរួមជាសហអធិបតីពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្តកំពង់ចាម នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកថា នេះជាកិច្ចការមួយដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា និងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលខេត្តកំពង់ចាមដែលបានចូលរួមសហការ និងតស៊ូជម្នះឧបសគ្គ ជំរុញឲ្យការចុះបញ្ជីដីធ្លីក្នុងខេត្ត បានបញ្ចប់នាពេលនេះ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីដំណើរការ នៃការបើកយុទ្ធនាការចុះបញ្ជីដីធ្លីតាមដំណាក់កាលនីមួយៗចាប់តាំងពីឆ្នាំ១៩៨៩មក ដោយគ្រានោះ រាជរដ្ឋាភិបាល បានសម្រេចចិត្តចាប់ផ្ដើមទទួលស្គាល់កម្មសិទ្ធិឯកជន និងច្រានចោលការទាមទារកម្មសិទ្ធិនៅមុនឆ្នាំ១៩៧៩ ដែលនេះគឺជារបត់ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃការចាប់ផ្ដើមចុះបញ្ជីដីធ្លីនៅកម្ពុជា ។ ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល បន្តវេន ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តដាក់ចេញនូវគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ ឲ្យបានចប់សព្វគ្រប់ជូនពលរដ្ឋនៅទូទាំងប្រទេស ដើម្បីផ្ដល់នូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ។

ដោយឡែកការកំណត់ផែនទីព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ក្នុងខេត្តកំពង់ចាម នាពេលនេះ ក៏ជារបត់ថ្មីមួយទៀត ដោយយើងបានកំណត់ព្រំប្រទល់ដីឱ្យបានជាក់លាក់ ហើយខេត្តកំពង់ចាម គឺជាខេត្តទី១ ដែលបានអនុវត្តកិច្ចការនេះ។ ជាមួយនេះ ក្រសួងរៀបចំដែនដី នឹងរៀបចំឈ្មោះជាអក្សរខ្មែរ អក្សរឡាតាំង និងបាលីសំស្ក្រឹតឱ្យបានច្បាស់លាស់ ដើម្បីចុះបញ្ជីជាមួយ Google map ។

ក្រសួងរៀបចំដែនដី ក៏បានសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីកំណត់លេខកូដតំបន់ លេខកូដភូមិសាស្ត្រ នៃភូមិឃុំស្រុកនីមួយៗឱ្យបានជាក់លាក់ ហើយក៏បន្តរៀបចំកំណត់អាសយដ្ឋានអោយបានច្បាស់លាស់ទាំងអស់ ។ នាពេលខាងមុខ ទិន្នន័យការកំណត់ចំនួនផ្ទៃដីលំនៅឋាន វត្តអារាម សាលារៀន មណ្ឌលសុខភាព និងទិន្នន័យផ្សេងៗទាក់ទិននឹងដីធ្លីទាំងអស់ តាមបណ្ដាឃុំស្រុកនីមួយៗទូទាំងប្រទេសនឹងមានដាក់ជូននៅក្នុងសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។

នៅពេលខាងមុខ ឯកឧត្តម សាយ សំអាល់ ចង់ឱ្យមានការកំណត់តំបន់នីមួយៗក្នុងខេត្តកំពង់ចាម ឱ្យបានច្បាស់លាស់ ក្នុងនោះ មានតំបន់អភិរក្ស តំបន់កសិកម្ម និងតំបន់កសិឧស្សាហកម្ម ដែលតំបន់កសិឧស្សាហកម្មនៅខេត្តកំពង់ចាម គឺមានសក្តានុពលខ្ពស់ ដោយមានទន្លេមេគង្គជាផ្លូវយុទ្ធសាស្ត្រ អាចតភ្ជាប់ការដឹកជញ្ជូនពីខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តកណ្ដាល ហើយតាមរយៈផែនទីព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមនេះ នឹងធ្វើឱ្យរដ្ឋបាលខេត្ត មានភាពងាយស្រួលក្នុងការកំណត់ទីតាំងនៃតំបន់នីមួយៗបានច្បាស់លាស់ ដើម្បីរៀបចំរបៀងសេដ្ឋកិច្ច តភ្ជាប់ពីភូមិភាគឦសានទៅតំបន់ឆ្នេរ ។

ក្រសួងរៀបចំដែនដី នឹងចូលរួមជាមួយក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត លើទិសដៅរួមមួយដោយផ្អែកលើគោលនយោបាយអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយធ្វើការកសាងភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល និងបុរីជនបទ ដោយរៀបចំក្រុង និងទីប្រជុំជន ឱ្យមានលំហសាធារណៈ រៀបចំសំណង់មិនរៀបរយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យជនបទ ជាជនបទទំនើប ។

ជាមួយនេះ ឯកឧត្តម សាយ សំអាល់ បានណែនាំឱ្យរួមគ្នាងាកមកផ្ដោតការគិតគូរយកចិត្តទុកដាក់លើការកសាងជីវិតរស់នៅរបស់ប្រជាជន កសាងខឿនសេដ្ឋកិច្ចឱ្យបានរឹងមាំ ដើម្បីទប់ទល់នឹងការរំលោភបំពានគ្រប់រូបភាពពីប្រទេសជិតខាងដែលតែងតែចិញ្ចឹមចិត្តឈ្លានពានមកលើទឹកដីកម្ពុជា ។

ចំណែក ឯកឧត្តម ស សុខា ក្រៅពីសរសើរ និងអរគុណ ក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តស្មារតីរួមគ្នា ឈានទៅដល់ការបញ្ចប់ការកំណត់ព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់នៅទូទាំងប្រទេស ឲ្យបានចប់សព្វគ្រប់ នៅឆ្នាំ២០២៦នេះ ខណៈកិច្ចការកំណត់ព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់នេះ ក៏ជាសាក្ខីភាពបង្ហាញពីកិច្ចសហការល្អរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

តាមរបាយការណ៍ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បញ្ជាក់ថា ខេត្តកំពង់ចាម ជាខេត្តដំបូងគេ ដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ សម្រេចបានជាង ៩០ក្បាលដី និងផ្តល់បណ្ណកម្មសិទ្ធិដីបានជាង ៨៩ម៉ឺនបណ្ណ ៕

អត្ថបទ៖ វណ្ណលុក, រូប៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា