គ្រឹះស្ថានអង្គររកចំណូលបានជាង ១៧លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦នេះ ពោលគឺធ្លាក់ចុះជិត ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន AMS ទទួលបានប្រធានគ្រឹះស្ថានអង្គរ លោក លី សែ កាលពីថ្ងៃចន្ទម្សិលមិញ។
របាយការណ៍ដដែលបញ្ជាក់ថា ភ្ញៀវទេសចរបរទេសជិត ៣៦ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៥ខែនេះ ពោលគឺធ្លាក់ចុះជិត៣២%ផងដែរ។
ភ្ញៀវទេសចរបរទេសដែលចូលទស្សនាតំបន់អង្គរច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិកដែលមានចំនួនជិត ៥ ម៉ឺននាក់ ឬជិត១៤%នៃចំនួនទេសចរបរទសទាំងអស់។ បន្ទាប់មកគឺភ្ញៀវទេសចរមកពីប្រទេសអង់គ្លេសមានចំនួនជាង ៤ ម៉ឺននាក់ ប្រទេសបារាំងមានចំនួន ៣ ម៉ឺន ៨ ពាន់នាក់ និងប្រទេសចិនមានចំនួនជិត ៣ ម៉ឺននាក់។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប បានពន្យល់ថា ទេសចរអាស៊ីមានការបារម្ភពីបញ្ហាឆបោកអនឡាញ ទើបមិនសូវមកកម្សាន្តនៅកម្ពុជា ចំណែកឯទេសចរមកពីអឺរ៉ុប អាមេរិក អូស្ត្រាលី និងកាណាដា វិញ គឺជួបឧបសគ្គដោយសារតម្លៃសំបុត្រយន្តហោះថ្លៃពេក ពិសេសក្រោយសង្រ្គាមនៅមជ្ឈឹមបូព៌ា។ បញ្ហាភូមិសាស្រ្តនយោបាយក៏បានប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍នៅបណ្តាប្រទេសជាច្រើនទៀតផងដែរនៅអាស៊ាន។
ដើម្បីដោះស្រាយបញ្ហានេះ លោក ខៀវ ធី បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាផ្សព្វផ្សាយរឿងរ៉ាវល្អៗពីកម្ពុជាទៅកាន់ឆាកអន្តរជាតិឱ្យបានច្រើន ដើម្បីស្តារ និងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសឡើងវិញ។
សូមបញ្ជាក់ថា ចំណូលដែលប្រមូលបានពីទេសចរក្នុងរយៈពេល៥ខែនេះ ត្រូវបានគ្រឹះស្ថានអង្គរដកចំនួន ៧១ម៉ឺនដុល្លារ ដើម្បីជួយឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕
ទួន សុផល